ប្រណាំងរថយន្ត៖ កីឡាករបារាំង Esteban Ocon ដណ្តើមបានជ័យជំនះដំបូងក្នុងអាជីព F1 បន្ទាប់ពីជ័យជំនះនៅលើទឹកដីហុងគ្រីថ្ងៃអាទិត្យម្សិលមិញ។ ការប្រកួតដែលចាប់ផ្តើមដោយសំណើមនៅលើទីលាន បន្ទាប់ពីមានភ្លៀងធ្លាក់ការចាប់ផ្តើមក៏មានភាពច្របូកច្របល់ដែរ ដោយរថយន្តជាច្រើនរអិលប៉ះទង្គិចគ្នានៅផ្លូវបត់ទី១ តែម្តង រហូតការប្រកួតត្រូវបានបញ្ឈប់ដើម្បីសំអាតកម្ទេចដែលខ្ទាតនៅលើទីលាន។

ការចាប់ផ្តើមឡើងវិញមានតែរថយន្ត Lewis Hamilton ម្នាក់ឯងដែលនៅប្រើប្រាស់កង់សំរាប់ទីលានរអិល ក្រៅពីនោះរថយន្តផ្សេងបានចូល Pit Stop ផ្លាស់ប្តូរកង់សំរាប់ទីលានស្ងួតវិញ។ ចាប់ផ្តើមម្នាក់ឯង Hamilton នាំមុខការប្រកួតមិនយូរឡើយ ពោលគឺត្រូវផ្លាស់ប្តូរកង់ដូចរថយន្តដទៃដែរ ដែលធ្វើឱ្យកីឡាកររបស់ក្រុម Alpine, Esteban Ocon ឡើងមកនាំមុខគេក្នុងការប្រកួតតាំងពីពេលនោះមករហូតដល់ទីព្រ័ត្រ។ Hamilton ត្រូវធ្លាក់ដល់លេខ ១៣ មុនពេលព្យាយាមដេញពីក្រោយរហូតប្រជែងបានចំណាត់ថ្នាក់លេខ៣ ដែលគេឃើញមានការប្រជែងខ្លាំងជាមួយ Fernando Alonso និង Carlos Sainz។ ចប់ការប្រកួត Esteban Ocon ជាអ្នកឈ្នះ និងតាមពីក្រោយដោយមិត្តរួមក្រុម Alpine, Sebastian Vettel តែក្រោយមកកីឡាករអាល្លឺម៉ង់រូបនេះត្រូវបានគេលុបចោលចំណាត់ថ្នាក់វិញ ក្រោយកំហុសប្រើប្រាស់កម្រិតសាំងមិនប្រក្រតី។
Lewis Hamilton ដែលបានលេខ៣ ត្រូវរំកិលឡើងមកលេខ២ តែត្រូវរង់ចាំការប្តឹងតវ៉ាពី Vettel ទៅកាន់ FIA។ អ្នកនាំមុខក្នុងតារាងជើងឯកពិភពលោក Max Verstappen បានបញ្ចប់នៅហុងគ្រីនេះត្រឹមលេខ ១០ ប៉ុណ្ណោះដែលធ្វើឱ្យតំណែងនាំមុខគេនេះធ្លាក់ទៅ Lewis Hamilton វិញមាន ១៩២ពិន្ទុពីលើ Verstappen ៦ពិន្ទុ។ ក្រោយពីការប្រកួតនៅហុងគ្រីនេះ F1 ត្រូវសម្រាកជិតមួយខែមុនត្រលប់មកវិញនៅថ្ងៃទី២៩ ចុងខែសីហានេះព្រឹត្តិការណ៍ F1 នៅប្រទេសប៊ែលហ្ស៊ិក៕
អត្ថបទ៖នាង សុភាវុធ