ក្រុមមេធាវីដែលខឹងសម្បារចំពោះការសម្រេចចិត្តរដ្ឋាភិបាលខេត្ត ក្នុងការផ្លាស់ប្ដូរទីតាំងអគារតុលាការមួយចំនួន ទៅកាន់អគារផ្សេងគ្នា បានប៉ះទង្គិចជាមួយនគរបាល អំឡុងការតវ៉ារបស់ពួកគេ ក្នុងទីក្រុងឡាហ័រ(Lahore) ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃពុធទី៨ខែឧសភាសប្ដាហ៍នេះ។

នគរបាលបានប្រើឧស្ម័នបង្ហៀរទឹកភ្នែក ការណុងបាញ់ទឹក និងដំបង ដើម្បីបំបែកក្រុមបាតុករ។
រដ្ឋាភិបាលប្រចាំតំបន់ពុនចាប (Punjab) បាននិយាយថា ការផ្ដាស់ប្ដូរទីតាំងតុលាការ នឹងជួយបន្ធូរបន្ថយការកកស្ទះចរាចរណ៍នៅក្នុងទីក្រុងនេះ ។

ប៉ុន្តែក្រុមមេធាវី និយាយថា ការលើកឡើងទាំងនោះ នឹងដាក់សម្ពាធដល់ពួកគេ ដោយពួកគេ ត្រូវចំណាយពេលធ្វើដំណើរជិត ២ម៉ោង ពីអគារតុលាការមួយទៅអគារតុលាការមួយទៀត ។ ពួកគេកំពុងទាមទារឲ្យរដ្ឋាភិបាលខេត្តបន្តរក្សាទីតាំងចាស់នៃអគារតុលាការនានាឲ្យនៅកន្លែងបច្ចុប្បន្ននេះ។
យោងតាមសារព័ត៌មានក្នុងស្រុក នគរបាលបានឃុំខ្លួនក្រុមមេធាវីមួយចំនួន ហើយយ៉ាងហោចណាស់នគរបាល១០នាក់ បានរងរបួសក្នុងការប៉ះទង្គិចគ្នានេះ។ក្នុងនោះ នគរបាល២នាក់ បានបញ្ចូនទៅមន្ទីរពេទ្យ។
ក្រុមមេធាវី បានគំរាមឲ្យផ្អាករាល់សកម្មភាពតុលាការទាំងអស់ទូទាំងប្រទេសនៅថ្ងៃព្រហស្បតិ៍នេះ ប្រសិនបើការទាមទាររបស់ពួកគេ ពុំបានសម្រេចទេនោះ៕