ក្រុមមន្ត្រីអ៊ុយក្រែន បាននិយាយថា មីស៊ីល និងយានដ្រូនរបស់រុស្ស៊ី បានវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន ជាង ១០ ទីតាំងកាលពីថ្ងៃពុធ (០៨ ឧសភា) ដោយបានបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរនៅរោងចក្រថាមពលកម្ដៅសម័យសូវៀត ចំនួនបីកន្លែង និងមានការដាច់ចរន្តអគ្គិសនីនៅក្នុងតំបន់ជាច្រើន។

កងទ័ពអាកាសរបស់អ៊ុយក្រែន និយាយថា ខ្លួនបានបាញ់ទម្លាក់មីស៊ីលចំនួន ៣៩ គ្រាប់ក្នុងចំណោម ៥៥ គ្រាប់ និងយានដ្រូនចំនួន ២០ គ្រឿងក្នុងចំណោម ២១ គ្រឿងដែលប្រើសម្រាប់ការវាយប្រហារ ដែលដាក់សម្ពាធកាន់តែខ្លាំងលើប្រព័ន្ធថាមពលអ៊ុយក្រែន រយៈពេលជាង ២ ឆ្នាំ បន្ទាប់ពីរុស្ស៊ី បានបើកការវាយលុកទ្រង់ទ្រាយធំរបស់ខ្លួន។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ុយក្រែន លោក អ៊ីហ័រ គ្លីមិនខូ (Ihor Klymenko) បាននិយាយថា មនុស្សពីរនាក់ បានរងរបួសនៅក្នុងតំបន់នៃរដ្ឋធានីគីវ និងម្នាក់ទៀតរងរបួសនៅក្នុងតំបន់ គីរ៉ូវ៉ូរ៉ាដ (Kirovohrad) ហើយក្រុមជួយសង្គ្រោះប្រហែល ៣៥០ នាក់បានខិតខំកាត់បន្ថយទំហំនៃការខូចខាតដល់បរិក្ខារថាមពល លំនៅឋាន រថយន្តដឹកជញ្ជូនសាធារណៈ រថយន្ត និងស្ថានីយ៍ពន្លត់អគ្គិភ័យជាដើម។

ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា ខ្លួនបានវាយប្រហារលើអគារឧស្សាហកម្មយោធា និងឧស្សាហកម្មថាមពលរបស់អ៊ុយក្រែន ជាការសងសឹកចំពោះការវាយប្រហាររបស់ទីក្រុងគីវ ទៅលើរោងចក្រថាមពលរុស្ស៊ី៕