ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បាននិយាយនៅថ្ងៃព្រហស្បតិ៍ (០៩ ឧសភា) នេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានសម្តែងនូវ «ការគាំទ្រយ៉ាងរឹងមាំ និងសាមគ្គីភាព» សម្រាប់ប្រទេសរុស្ស៊ី នៅក្នុងសារអបអរសាទររបស់លោកទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន (Vladimir Putin) ក្នុងទិវាជ័យជំនះ ដែលប្រារព្ធខួបលើកទី៧៩ នៃការបញ្ចប់សង្គ្រាមលោកលើកទី២។

ប្រទេសរុស្ស៊ី នៅថ្ងៃព្រហស្បតិ៍នេះ ប្រារព្ធទិវាជ័យជម្នះរបស់សហភាពសូវៀត លើពួកណាហ្ស៊ី អាល្លឺម៉ង់ ក្នុងសង្គ្រាមលោកលើកទីពីរ ខណៈដែលទំនាក់ទំនងជាមួយលោកខាងលិច កាន់តែធ្លាក់ជ្រៅទៅក្នុងវិបត្តិ ជុំវិញការវាយរុលទៅមុខនៃកងទ័ពរុស្ស៊ី ប្រឆាំងនឹងកងកម្លាំងដែលគាំទ្រដោយលោកខាងលិច របស់អ៊ុយក្រែន។

លោក គីម បាននិយាយនៅក្នុងលិខិតជូនដល់លោក ពូទីន ថា «ខ្ញុំបង្ហាញការគាំទ្រយ៉ាងម៉ឺងម៉ាត់ និងសាមគ្គីភាពជាមួយនឹងបុព្វហេតុដ៏ពិសិដ្ឋនៃប្រទេសរុស្ស៊ី ដោយសង្ឃឹមថាអ្នក រួមទាំងកងទ័ព និងប្រជាជនរុស្ស៊ីដ៏ក្លាហាន នឹងទទួលជ័យជម្នះថ្មីនៅក្នុងការតស៊ូដើម្បីកម្ចាត់គោលនយោបាយអនុត្តរភាពរបស់ពួកចក្រពត្តិនិយម»។
សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តផ្សេងទៀតបានចោទប្រកាន់កូរ៉េខាងជើង ថាបានផ្ទេរសព្វាវុធទៅឱ្យរុស្ស៊ី សម្រាប់ប្រើប្រាស់ប្រឆាំងនឹងអ៊ុយក្រែន ដែលខ្លួនបានបើកការវាយលុកកាលពីខែកុម្ភៈ ឆ្នាំ២០២២។ ទាំងក្រុងម៉ូស្គូ និងក្រុងព្យុងយ៉ាង បានបដិសេធការចោទប្រកាន់នេះ ប៉ុន្តែបានប្តេជ្ញាកាលពីឆ្នាំមុនថានឹងធ្វើឱ្យទំនាក់ទំនងយោធាកាន់តែស៊ីជម្រៅ៕