នៅថ្ងៃទី ៩ ខែឧសភានេះ ឯកឧត្តម ឡាវ វ៉ាន់ សមាជិកគណៈកម្មាធិការអាហារូបករណ៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញប្រគល់លិខិតឧទ្ទេសនាមផ្តល់អាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ជូនសិស្សនិស្សិត ឆ្នាំសិក្សាថ្មី ២០២៣ -២០២៤ ចំនួន២៥៥នាក់ សិក្សានៅតាមសកលវិទ្យាល័យល្បីៗ កម្រិតជាតិ និងអន្តរជាតិនៅកម្ពុជា ។
ក្រុមសិស្សនិស្សិត បានបង្ហាញក្តីរំភើបដែលបានទទួលអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ សម្រាប់ការសិក្សានៅតាមសកលវិទ្យាល័យល្បីៗកម្រិតជាតិ និងអន្តរជាតិ។ ពួកគេបានប្តេជ្ញាខិតខំសិក្សាក្រេបយកចំណេះដឹងជំនាញ និងធ្វើជាធនធានមនុស្សដ៏ល្អ មានតម្លៃសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ។
ឯកឧត្តម ត្រាំង លី អនុប្រធានក្រុមការងារគ្រប់គ្រងនិសិ្សត អ.ម.ត ក្រុម ២ ថ្លែងថា នៅក្នុងដំណើរការជ្រើសរើសនិស្សិតរៀនថ្នាក់អាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ទាំង២៥៥នាក់ មានសិស្សចំនួន១៤៥នាក់ គឺបានជ្រើសរើសតាមរយៈការចាប់ឆ្នោតជ្រើសរើសគ្រឹះស្ថានសម្រាប់សិក្សានៅសកលវិទ្យាល័យជាតិគ្រប់គ្រង និងវិទ្យាស្ថានបច្ចេកទេសកម្ពុជា។ ដោយឡែកសិស្សចំនួន១១០ទៀត គឺជ្រើសរើសតាមរយៈការប្រឡង សម្រាប់ការសិក្សានៅសកលវិទ្យាល័យអាមេរិចកាំងភ្នំពេញ និងសកលវិទ្យាល័យលីមកុកវិញ។
ឯកឧត្តម ឡាវ វ៉ាន់ ថ្លែងថា បច្ចុប្បន្នមាននិស្សិតជិត៦៥០នាក់ ក្នុងនោះមានស្ត្រី៣២៥នាក់ បាននិងកំពុងថ្នាក់អាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្នាក់បរិញ្ញាបត្ររង ១៥រូប បរិញ្ញាបត្រ ៦២៤នាក់ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់៨រូប កំពុងសិក្សានៅសកលវិទ្យាល័យធំៗ ទាំង៤ខាងលើនេះ ។
ឯកឧត្តមបន្តថា សម្តេចតេជោ ហ៊ុន សែន បានបង្កើតកម្មវិធីផ្តល់អាហារូបករណ៍ តាមរយៈថវិកាផ្ទាល់ខ្លួន រហូតបង្កើតគណៈកម្មាធិការអាហារូបករណ៍នៅឆ្នាំ២០០៧ ដែលដឹកនាំសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលជាបញ្ញាវ័នឆ្នើមសម្រាប់កម្ពុជា ហើយរហូតមកដល់បច្ចុប្បន្ន សិស្សនិស្សិតជាង ៣ម៉ឺននាក់ បានទទួលឱកាសសិក្សាជំនាញ ឯកទេសថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់តាមវិទ្យាស្ថាន សកលវិទ្យាល័យនានា ក្នុងប្រទេសកម្ពុជា៕ អត្ថបទ ស៊ុម សុខជា




