សាលាឧទ្ធរណ៍ទីក្រុងហុងកុង កាលពីថ្ងៃពុធ (០៨ ឧសភា) បានអនុម័តលើការស្នើសុំដោយរដ្ឋាភិបាលដើម្បីហាមឃាត់បទភ្លេង ឬចម្រៀងនៃការតវ៉ា ដែលហៅថា «សិរីល្អដល់ហុងកុង» (Glory to Hong Kong) ដោយលុបចោលសាលក្រមរបស់តុលាការជាន់ទាប ដែលបានច្រានចោលការហាមឃាត់បែបនេះ ដោយសារតែ «ឥទ្ធិពលមិនល្អ» លើសិទ្ធិបញ្ចេញមតិដោយសេរី។

សេចក្តីសម្រេចនេះ កើតឡើងស្របពេលដែលក្រុមអ្នករិះគន់និយាយថា ជាការធ្លាក់ចុះនៃនីតិរដ្ឋរបស់ហុងកុង និងសិទ្ធិបុគ្គល ក្នុងពេលមានការបង្ក្រាបផ្នែកសន្តិសុខដោយទីក្រុងប៉េកាំង ដែលបានមើលឃើញអ្នកប្រជាធិបតេយ្យប្រឆាំងជាច្រើននាក់ ត្រូវបានចាប់ដាក់ពន្ធនាគារ និងបិទប្រព័ន្ធផ្សព្វផ្សាយសេរី។

ករណីនេះមានផលប៉ះពាល់ដល់សេរីភាពអ៊ីនធឺណិត និងប្រតិបត្តិការរបស់ក្រុមហ៊ុន រួមទាំងប្រតិបត្តិករវេទិកាអ៊ីនធឺណិត (IPO) និងក្រុមហ៊ុនបច្ចេកវិទ្យាដូចជា ហ្គូលហ្គល (Google) ជាដើម។ បណ្ដាចៅក្រមសាលាឧទ្ធរណ៍ដូចជា លោក ចេរ៉េមី ភូន (Jeremy Poon) លោកស្រី ខាលី ឆូ (Carlye Chu) និងលោកស្រី អាន់ធា ផាង (Anthea Pang) បានសម្រេចថា អ្នកនិពន្ធបទចម្រៀងតវ៉ានេះ មានគោលបំណងប្រើវាជាអាវុធ ដើម្បីដាស់មនោសញ្ចេតនាប្រឆាំងនឹងការបង្កើតឡើងនៃក្រុងហុងកុង។

ទីក្រុងវ៉ាស៊ីនតោន បានសម្តែងការព្រួយបារម្ភជុំវិញការលុបបំបាត់សិទ្ធិមនុស្សនៅហុងកុង។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ម៉ាធូ មីលឡឺ (Matthew Miller) បាននិយាយកាលពីថ្ងៃដដែលនោះថា បម្រាមនេះគឺជា «ការវាយប្រហារចុងក្រោយបំផុតចំពោះកេរ្តិ៍ឈ្មោះអន្តរជាតិនៃទីក្រុងដែលពីមុនមានមោទនភាពចំពោះការបង្កើតតុលាការឯករាជ្យរបស់ខ្លួន»៕