មន្ទីរពេទ្យ Abu Youssef al-Najjar នៅទីក្រុង Rafah មានទីតាំងស្ថិតនៅក្នុងតំបន់នៃទីក្រុងហ្កាហ្សាភាគខាងត្បូង ដែលត្រូវបានកងទ័ពអ៊ីស្រាអែលកំណត់ថាជាតំបន់ប្រយុទ្ធ ជាផ្នែកមួយនៃប្រតិបត្តិការយោធានៅទីនោះ។

មន្ត្រីក្រសួងសុខាភិបាល បាននិយាយថា អ្នកជំងឺប្រហែល២០០នាក់ នៅក្នុងមន្ទីរពេទ្យនេះ ត្រូវបានបង្ខំឱ្យជម្លៀសខ្លួនចេញ ទៅភាគខាងលិចទីក្រុង បន្ទាប់ពីបានទទួលការហៅទូរស័ព្ទព្រមានឲ្យពួកគេចាកចេញ។ មន្ទីរពេទ្យត្រូវបញ្ឈប់ការផ្តល់សេវាកម្ម។
ក្រុមហាម៉ាសបាននិយាយថា ខ្លួនបានប្រយុទ្ធជាមួយកងកម្លាំងអ៊ីស្រាអែល នៅភាគខាងកើតទីក្រុង Rafah កាលពីថ្ងៃពុធ។

លោក មូហាម៉េដ ហ្សាហ្គូត(Muhammad Zaqout) គឺជាវេជ្ជបណ្ឌិតប៉ាឡេស្ទីន និយាយថា ស្ថានភាពពេលនេះ អ្នកជំងឺភាគច្រើនដែលធ្ងន់ធ្ងរនឹងស្លាប់នៅក្នុងមន្ទីរពេទ្យចល័ត។ អ៊ីស្រាអែល បានគំរាមកំហែងការវាយលុកទ្រង់ទ្រាយធំទៅលើទីក្រុង Rafah ដើម្បីកម្ទេចក្រុមអ្នកប្រយុទ្ធហាម៉ាសរាប់ពាន់នាក់ ដែលខ្លួននិយាយថាកំពុងលាក់ខ្លួននៅទីនោះ។
ប្រទេសលោកខាងលិច និងអង្គការសហប្រជាជាតិ បានព្រមានថា ការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងនេះ នឹងក្លាយជាមហន្តរាយមនុស្សធម៌ ចាប់តាំងពីមនុស្សជាងមួយលាននាក់កំពុងជ្រកកោននៅទីក្រុងនេះ។
អ៊ីស្រាអែល បានប្រាប់ជនស៊ីវិលនៅទីក្រុង Rafah ឱ្យទៅកាន់តំបន់មនុស្សធម៌ដែលត្រូវបានពង្រីក នៅក្រុង al-Mawasi មានចម្ងាយប្រហែល១២ ម៉ាយ។
មន្ត្រីអាមេរិក បាននិយាយថារដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden បានផ្អាកការដឹកជញ្ជូនសព្វាវុធទៅកាន់ប្រទេសអ៊ីស្រាអែល កាលពីសប្តាហ៍មុន ក្នុងការឆ្លើយតបជាក់ស្តែងចំពោះការវាយលុកទៅលើទីក្រុង Rafah។