ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈនាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤នេះបានអញ្ជើញជាអធិបតីភាពសម្ភោធសមិទ្ធផលនានា ក្នុងវត្តសិរីសោភា ហៅវត្តអង្គតាម៉ិញ ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា សមិទ្ធផលដែលសម្ពោធនៅពេលនេះគឺកើតចេញពីការខិតខំប្រឹងប្រែងរបស់សប្បុរសជន និងពុទ្ធបរិស័ទជិតឆ្ងាយ។ ទាំងអស់គ្នាត្រូវចងចាំថា ការដែលអាចជួបជុំនាំគ្នា កសាងនូវសមិទ្ធផលនៅក្នុងទីនេះបាន គឺដោយសារយើងរស់នៅក្នុងដំបូលសន្តិភាព ដែលបានផ្ដល់ឱកាសឲ្យយើងជួបជុំគ្នា ធ្វើបុណ្យរួមគ្នាបាន។
ឯកឧត្ដម បានបន្តថា សន្តិភាព ស្ថេរភាពនយោបាយបាននាំឲ្យមានឱកាសក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើន ជាមួយនឹងការធ្វើឲ្យប្រទេសជាតិមានឈ្មោះបោះសំឡេងនៅលើឆាកអន្តរជាតិ តាមរយៈកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលធំៗ ដែលមានទាំងថ្នាក់ដឹកនាំកំពូលៗនៃប្រទេសមហាអំណាចនៅលើពិភពលោក ក៏បានមកចូលរួមប្រជុំដល់កម្ពុជា ហើយកម្ពុជារក្សាបាននូវសន្តិសុខពេញលេញ សម្រាប់ថ្នាក់ដឹកនាំទាំងនោះផងដែរ។ កត្តាសុខសន្តិភាពទាំងនេះ គឺបានមកពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយសម្ដេចបានប្ដូរជីវិតចំពោះជាតិតាំងពីឆ្នាំ ១៩៧៧ រហូតទទួលបានសន្តិភាពពេញលេញនៅទូទាំងប្រទេសនៅឆ្នាំ ១៩៩៨។
ក្នុងឱកាសនោះដែរ ឯកឧត្តម ហ៊ុន ម៉ានី ក៏សូមឲ្យប្រជាពលរដ្ឋ មហាជន សិស្ស និស្សិតទាំងអស់ រួមគ្នាគាំទ្រ ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីឲ្យគម្រោងនេះសម្រេចបានជោគជ័យ សម្រាប់ជាផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏មានប្រសាសន៍លើកឡើងពីប្រវត្តិនៃវត្តអង្គតាម៉ិញ ដោយឯកឧត្ដមបញ្ជាក់ថា៖ ទីតាំងវត្តអង្គតាមិញ ពីមុនជាវាលស្រែ ដែលម្ចាស់ដីស្រែនោះ ឈ្មោះលោកតាម៉ិញ។ តាម៉ិញគាត់បានប្រគល់ដីនេះជូនព្រះសង្ឃហើយព្រះសង្ឃក៏បានសម្រេចដាក់ឈ្មោះវត្តនេះជាអង្គតាម៉ិញ ក្នុងឆ្នាំ១៨៩៨។ បច្ចុប្បន្ន វត្តអង្គតាម៉ិញ បានប្រើឈ្មោះមួយទៀត គឺវត្តគោកចំបក់។ ការដាក់ឈ្មោះវត្តគោកចំបក់នេះ ដោយសារទីវត្តអារាមនេះមានដើមចំបក់ដ៏ធំមួយ។ វត្តអង្គតាម៉ិញ គិតមកដល់ពេលនេះមានអាយុកាល១២៦ឆ្នាំហើយ ជាវត្តមានបារមីស័ក្កសិទ្ធដែលធ្វើឲ្យពុទ្ធបរិស័ទ និងប្រជាពលរដ្ឋមានជំនឿជឿជាក់យ៉ាងខ្លាំងផងដែរ។
ឯកឧត្ដមបានបន្ថែមទៀតថា៖ ចំពោះសមិទ្ធផលដែលសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះ មានដូចជាការកសាងប្រាសាទ ការពង្រីកសាលាធម្មសភា ការកសាងព្រះពុទ្ធរូបអង្គធំកម្ពស់១៥ ម៉ែត្រមួយអង្គជាមួយនឹងព្រះពុទ្ធរូបតូចៗចំនួន១៤អង្គ គំនូរ និងសមិទ្ធផលផ្សេងៗទៀត ដែលសរុបជាទឹកប្រាក់ប្រមាណ ៣០ម៉ឺនដុល្លារសហរដ្ឋអាមេរិក៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា








