រុស្ស៊ីបាននិយាយកាលពីថ្ងៃពុធថា ជម្លោះនៅអ៊ុយក្រែន នឹងបញ្ចប់ក្នុងរយៈពេលតែពីរសប្តាហ៍ប៉ុណ្ណោះ ប្រសិនបើលោកខាងលិច បញ្ឈប់ការផ្គត់ផ្គង់យោធាដល់ទីក្រុងគីវ ដោយលើកឡើងពីការអត្ថាធិប្បាយរបស់ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក ចូសិប បូរ៉ែល (Josep Borrell)។

លោក បូរ៉ែល បាននិយាយនៅដើមខែនេះថា ភាពឋិតថេររបស់អ៊ុយក្រែន ពឹងផ្អែកលើលោកខាងលិច ហើយថា សង្រ្គាមនឹងត្រូវបញ្ចប់ក្នុងរយៈពេលពីរបីសប្តាហ៍ ប្រសិនបើការផ្គត់ផ្គង់សព្វាវុធរបស់លោកខាងលិច បានបញ្ចប់។ លោកបានបញ្ជាក់ថា លោកមិនចង់ឲ្យសង្គ្រាម ចប់បែបនេះទេ។

នៅពេលសួរអំពីរបៀបកាត់បន្ថយការប្រឈមមុខដាក់គ្នារវាងរុស្ស៊ី និងលោកខាងលិច អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី អ្នកស្រី Maria Zakharova បាននិយាយថា លោកខាងលិច បានលើកឡើងនូវវោហា ស័ព្ទអំពីប្រទេសរុស្ស៊ី។
អ្នកស្រី Zakharova បានបញ្ជាក់ថា៖«ចំពោះអ្វីដែលត្រូវការសម្រាប់ការបន្ធូរបន្ថយភាពតានតឹង លោក បូរ៉ែល បាននិយាយថា ប្រសិនបើអ្នក ឈប់ផ្គត់ផ្គង់អាវុធដល់ទីក្រុងគីវ អ្វីៗគ្រប់យ៉ាងនឹងចប់ ក្នុងរយៈពេលពីរសប្តាហ៍។ នេះហើយ គឺជារូបមន្តកាត់បន្ថយភាពតានតឹង»។