រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បាននិយាយកាលពីថ្ងៃពុធថា បេសកកម្មនៅមិនទាន់បញ្ចប់នៅឡើយទេ នៅភាគខាងជើងរបស់ប្រទេសអ៊ីស្រាអែល ក្នុងជម្លោះជាមួយក្រុម ហេសបូឡា(Hezbollah) នៅប្រទេសលីបង់ ហើយលោកនៅតែប្តេជ្ញាចិត្តក្នុងការអនុញ្ញាតឱ្យមានការវិលត្រឡប់ដោយសុវត្ថិភាពរបស់ពលរដ្ឋដែលបានជម្លៀសខ្លួនទៅកាន់លំនៅឋានរបស់ពួកគេវិញ។

លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ ដោយនិយាយអំពីការពង្រីកអរិភាពដែលអាចកើតមាននៅតាមព្រំដែនភាគខាងជើង ជាមួយប្រទេសលីបង់។
អ៊ីស្រាអែល បានធ្វើការវាយប្រហារតាមអាកាសយ៉ាងខ្លាំង នៅប្រទេសលីបង់ខាងត្បូង ហើយក្រុមហេសបូឡា បាននិយាយថា ក្រុមរបស់ពួកគេបានបង្ហោះយានដ្រូនមានផ្ទុកគ្រឿងផ្ទុះ និងគ្រាប់រ៉ុក្កែតដ៏មានអានុភាព ទៅកាន់គោលដៅនៅអ៊ីស្រាអែល កាលពីថ្ងៃពុធ ក្នុងពេលកើនឡើងអរិភាពរយៈពេលប្រាំពីរខែមកនេះនៅតំបន់ព្រំដែន។ ប្រពភព័ត៌មានពីសន្តិសុខ និយាយថា ការវាយលុករបស់អ៊ីស្រាអែល បានសម្លាប់មនុស្សបីនាក់នៅក្នុងប្រទេសលីបង់។

ជម្លោះរវាងក្រុម ហេសបូឡា និងអ៊ីស្រាអែល បានផ្ទុះឡើងចាប់តាំងពីខែតុលា ស្របគ្នាទៅនឹងសង្រ្គាមនៅតំបន់ហ្កាហ្សា ដោយបានបណ្តេញមនុស្សរាប់ម៉ឺននាក់នៅព្រំដែនទាំងសងខាង និងជំរុញឱ្យមានការព្រួយបារម្ភអំពីសង្រ្គាមកាន់តែរីកធំ រវាងសត្រូវប្រដាប់អាវុធ។
ការភៀសខ្លួនរបស់ប្រជាជនប្រហែល ៦០.០០០នាក់នៅភាគខាងជើងប្រទេសអ៊ីស្រាអែល បានជំរុញឱ្យមានការអំពាវនាវក្នុងប្រទេសអ៊ីស្រាអែល ឱ្យមានវិធានការយោធាកាន់តែខ្លាំងប្រឆាំងក្រុមហេសបូឡា។ នៅទូទាំងព្រំដែនក្នុងប្រទេសលីបង់ មនុស្សប្រមាណ ៩០.០០០ នាក់ ក៏ត្រូវបានជម្លៀសខ្លួនដោយសារតែការវាយប្រហាររបស់អ៊ីស្រាអែល។
ប្រភពព័ត៌មាននៅក្នុងប្រទេសលីបង់ បាននិយាយថា សមាជិកក្រុមហេសបូឡាជាង២៥០ នាក់ និងជនស៊ីវិល៧៥នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើប្រទេសលីបង់ ចាប់តាំងពីខែតុលាមក ហើយនៅខាងអ៊ីស្រាអែលវិញ មនុស្សប្រហែល ២០នាក់ រួមទាំងទាហាន និងជនស៊ីវិល ត្រូវបានសម្លាប់។