ព្រឹទ្ធសមាជិកទីក្រុងប៊ែរឡាំង លោកស្រី ហ្វ្រេនហ្សីសកា ហ្គីហ្វេ(Franziska Giffey) គឺជាអ្នកនយោបាយចុងក្រោយបង្អស់ដែលត្រូវបានវាយប្រហារនៅប្រទេសអាល្លឺម៉ង់ ខណៈប្រទេសនេះត្រៀមខ្លួនសម្រាប់ការបោះឆ្នោត។

លោកស្រី Giffey ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីបុរសម្នាក់បានវាយលោកស្រីចំក្បាល នៅក្នុងបណ្ណាល័យមួយកន្លែងកាលពីថ្ងៃអង្គារ។ មន្ត្រីម្នាក់និយាយថា វាពិតជាគួឲ្យភ្ញាក់ផ្អើល និងហួសចិត្ត ដែលថ្មីៗនេះ យើងបានឃើញការវាយប្រហារបែបនេះកាន់តែច្រើនឡើង ដែលមនុស្សត្រូវបានវាយប្រហារដោយសារតែការងារនយោបាយរបស់ពួកគេ ដោយសារតែជំហរនិងអាកប្បកិរិយារបស់ពួកគេ ហើយវាបានធ្វើឲ្យប៉ះពាល់ដល់មនុស្សជាច្រើន។

នគរបាល និយាយថា ជនសង្ស័យអាយុ៧៤ឆ្នាំម្នាក់ត្រូវបានឃុំខ្លួន ហើយកាលពីពេលមុន ត្រូវបានគេដឹងថាបានប្រព្រឹត្តបទឧក្រិដ្ឋកម្មស្អប់ខ្ពើម ក្នុងចំណោមឧបទ្ទវហេតុផ្សេងទៀត។ ជនសង្ស័យត្រូវបានគេជឿថាមានបញ្ហាសុខភាពផ្លូវចិត្ត។ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានថ្កោលទោសសកម្មភាពនេះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថាជារឿងដ៏ «កំសាក»។
ការវាយប្រហារលើ លោកស្រី Giffey បានកើតឡើងស្របពេលជាមួយកិច្ចប្រជុំបន្ទាន់មួយរបស់រដ្ឋមន្ត្រីរដ្ឋ ដែលកំពុងអំពាវនាវឱ្យមានការការពារពីនគរបាលឲ្យកាន់តែប្រសើរឡើង ចំពោះអ្នកនយោបាយ ខណៈចំនួននៃការវាយប្រហារដោយពាក្យសំដី និងមកលើរាងកាយ កើនឡើងនៅមុនការបោះឆ្នោតនៅអឺរ៉ុប និងក្នុងតំបន់។
ទិន្នន័យរបស់រដ្ឋាភិបាល បង្ហាញថាចំនួននៃការវាយប្រហារលើអ្នកនយោបាយនៅក្នុងប្រទេសអាល្លឺម៉ង់ បានកើនឡើងទ្វេដង ចាប់តាំងពីការបោះឆ្នោតសភាអឺរ៉ុប ឆ្នាំ២០១៩។ ដោយឡែក នៅថ្ងៃតែមួយនៃការវាយប្រហារលើលោកស្រី Giffey មនុស្សពីរនាក់ត្រូវបានចាប់ខ្លួននៅទីក្រុង Dresden ពីបទរុញច្រាន និងស្តោះទឹកមាត់ ដាក់សមាជិកគណបក្ស Greens Party ដែលកំពុងដាក់ផ្ទាំងរូបភាពយុទ្ធនាការ។