លោកនាយករដ្ឋមន្ត្រីហុងគ្រី វីកទ័រ អូបាន (Viktor Orban) កំពុងទទួលស្វាគមន៍លោកប្រធានាធិបតីចិន Xi Jinping ក្នុងទីក្រុងប៊ូដាប៉េស( Budapest) នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីលោកបានទៅដល់កាលពីល្ងាចថ្ងៃពុធ ដើម្បីពង្រឹងទំនាក់ទំនងដ៏ល្អដែលមានស្រាប់ រវាងក្រុងប៉េកាំង និងសម្ព័ន្ធជិតស្និទ្ធបំផុតរបស់ខ្លួននៅសហភាពអឺរ៉ុបមួយនេះ។

ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសហុងគ្រី ពេលនេះគឺជាដំណើរចុងរបស់លោក Xi នៅក្នុងតំបន់អឺរ៉ុប ជាលើកដំបូង ចាប់តាំងពីឆ្នាំ២០១៩មក ។
នៅដើមសប្ដាហ៍នេះ មេដឹកនាំចិន រូបនេះ បានចាប់ផ្ដើមដំណើរទស្សនកិច្ចរបស់លោកនៅក្នុងប្រទេសបារាំង ជាដំណើរមួយដែលទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅ តែក៏បានបង្ហាញភាពតានតឹងផងដែររវាងក្រុងប៉េកាំង និង សហភាពអឺរ៉ុបជុំវិញសង្គ្រាមនៅអ៊ុយក្រែន និងពាណិជ្ជកម្មពិភពលោក។

ក្នុងការចេញផ្សាយនៅលើសារព័ត៌មានប្រចាំថ្ងៃគាំទ្ររដ្ឋាភិបាលហុងគ្រី ម៉ាកយ៉ា ណេមហ្សេត ( Magyar Nemzet) មុនការទៅដល់របស់លោក ក្នុងទីក្រុងន៊ូដាប៉េស លោក Xi បានកោតសរសើរមិត្តភាពយូរអង្វែងជាមួយហុងគ្រី ដែលលោកបានហៅថាជាភាពទន់ភ្លន់និងមានទ្រព្យសម្បត្តិ ដូចជាស្រា តូកាជី (Tokaji wine) សំដៅដល់តំបន់ផលិតស្រាទំពាំងបាយជូរដ៏ល្បីល្បាញរបស់ហុងគ្រី។
លោកថា យើងបានហែលឆ្លងការលំបាកជាមួយគ្នា និង បានប្រឆាំងឥទ្ធិពលនយោបាយរួមគ្នា ស្របពេលមានភាពផុយស្រួយចំពោះស្ថានភាពអន្ធរជាតិ៕