នគរបាលប្រឆាំងកុបកម្មរបស់ប្រទេសហូឡង់ បានប៉ះទង្គិចជាមួយក្រុមបាតុករនៅសាកលវិទ្យាល័យ អាំស្ទែដាំ (Amsterdam) កាលពីថ្ងៃពុធ (០៨ ឧសភា) ស្របពេលដែលបាតុករជាច្រើននាក់នៅមហាវិទ្យាល័យរបស់សហរដ្ឋអាមេរិក ត្រូវបានចាប់ខ្លួនក្នុងពេលមួយយប់ ខណៈការតវ៉ាដែលដឹកនាំដោយនិស្សិតប្រឆាំងនឹងសង្គ្រាមរបស់អ៊ីស្រាអែលនៅហ្កាហ្សា បានធ្វើឱ្យកក្រើកសាកលវិទ្យាល័យកាន់តែច្រើននៅសងខាងនៃមហាសមុទ្រអាត្លង់ទិក។

នៅក្នុងទីក្រុងអាំស្ទែដាំ ក្រុមបាតុករ ដែលឈរនៅលើរនាំងដែលបង្កើតពីតុ ឥដ្ឋ និងបន្ទះឈើ បានប្រើបំពង់ពន្លត់អគ្គិភ័យដើម្បីរុញច្រាននគរបាលនៅក្នុងការប៉ះទង្គិចគ្នានោះ។ វីដេអូរបស់សារព័ត៌មានរ៉យទ័រ បានបង្ហាញ មន្ត្រីនគរបាល បានប្រើឧបករណ៍កុបកម្ម ហើយវាយទៅលើក្រុមបាតុករដោយដំបង និងវាយកម្ទេចរនាំង ដោយអូសនិស្សិតវ័យក្មេងៗជាច្រើននាក់ចេញ ខណៈដែលមនុស្សរាប់រយនាក់ផ្សេងទៀតបានស្រែកពាក្យតវ៉ា។
ការប្រឈមមុខដាក់គ្នានេះ បានគូសបញ្ជាក់ពីភាពតានតឹងកាន់តែខ្លាំងឡើងនៅក្នុងបរិវេណសាលាអឺរ៉ុប បន្ទាប់ពីភាពចលាចលជាច្រើនសប្តាហ៍នៅសាកលវិទ្យាល័យជាច្រើនរបស់សហរដ្ឋអាមេរិក ខណៈដែលនិស្សិតអំពាវនាវឱ្យមានបទឈប់បាញ់នៅក្នុងជម្លោះអ៊ីស្រាអែល-ហ្កាហ្សា។

និស្សិតទាំងនៅសហរដ្ឋអាមេរិក និងអឺរ៉ុប បាននិងកំពុងធ្វើបាតុកម្មភាគច្រើនដោយសន្តិវិធី ដោយអំពាវនាវឱ្យមានបទឈប់បាញ់ជាអចិន្ត្រៃយ៍ និងឱ្យសាលារៀនរបស់ពួកគេកាត់ផ្តាច់ទំនាក់ទំនងហិរញ្ញវត្ថុជាមួយក្រុមហ៊ុន ដែលពួកគេនិយាយថាទទួលបានផលចំណេញពីការគៀបសង្កត់លើពលរដ្ឋប៉ាឡេស្ទីន៕
