ការតវ៉ាប្រឆាំងការវាយលុករបស់អ៊ីស្រាអែល លើតំបន់ហ្កាហ្សាស្ទ្រីប បានធ្វើឡើងនៅសាកលវិទ្យាល័យអង់គ្លេសជាង១០សាកលវិទ្យាល័យ ខណៈបាតុកម្មនៅបរិវេណសាកលវិទ្យាល័យនានានៅសហរដ្ឋអាមេរិកនៅតែបន្តការតវ៉ា ដោយអ្នកតវ៉ាជាច្រើននាក់ត្រូវបានចាប់ខ្លួន។ និស្សិត និងបុគ្គលិក នៅសាកលវិទ្យាល័យខេមប្រ៊ីជ បានបោះជំរំតង់ជិត៥០តង់។

ក្រុមបាតុករ កំពុងទាមទារឱ្យសាកលវិទ្យាល័យបញ្ឈប់ការវិនិយោគជាមួយក្រុមហ៊ុនដែលផ្គត់ផ្គង់សព្វាវុធដល់ប្រទេសអ៊ីស្រាអែល។ ពួកគេ និយាយថា មិនគួរទទួលយកមូលនិធិស្រាវជ្រាវពីក្រុមហ៊ុនបែបនេះទេ។
និស្សិតម្នាក់ បាននិយាយថាគោលបំណងរបស់ពួកគេ គឺដើម្បីធ្វើឱ្យប្រាកដថាតម្លៃសិក្សារបស់ពួកគេ មិនត្រូវបានប្រើប្រាស់សម្រាប់អ្វីមួយដែលពួកគេមិនយល់ស្របជាមួយ។ និស្សិតរូបនេះ និយាយបន្ថែមថា ការតវ៉ានឹងបន្តរហូតដល់សាកលវិទ្យាល័យ ស្តាប់ការទាមទាររបស់ពួកគេ។

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak បានថ្លែងននៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា មានការកើនឡើងដែលមិនអាចទទួលយកបាននូវការប្រឆាំងជនជាតិជ្វីហ្វនៅក្នុងបរិវេណសាកលវិទ្យាល័យ។
លោក Sunak ត្រូវបានគេរំពឹងថា នឹងអំពាវនាវឱ្យសាកលវិទ្យាល័យទាំងអស់ចាត់វិធានការរឹងមាំ ចំពោះអាកប្បកិរិយាមិនអាចទទួលយកបាន នៅក្នុងកិច្ចប្រជុំ នៅការិយាល័យនាយករដ្ឋមន្រ្តី របស់លោក។