
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បានថ្លែងថា លោកចង់បង្កើតក្រសួងថ្មីមួយ ដើម្បីដោះស្រាយអត្រាកំណើតទាបរបស់ប្រទេស ពោលគឺជាអត្រាទាបបំផុតក្នុងពិភពលោក ដោយប្រទេសនេះកំពុងប្រឈមនឹងវិបត្តិចំនួនប្រជាជន។
លោក Yoon បានថ្លែងក្នុងសុន្ទរកថាផ្ទាល់ទៅកាន់ប្រជាជាតិ នាថ្ងៃព្រហស្បតិ៍ (ទី ៩ ខែឧសភា) នេះថា៖ «ខ្ញុំបានស្នើឲ្យមានកិច្ចសហការពីសភា ដើម្បីកែសម្រួលស្ថាប័នរដ្ឋាភិបាល ក្នុងគោលបំណងបង្កើតក្រសួងផែនការប្រឆាំងអត្រាកំណើតទាប»។
គួរបញ្ជក់ថា ទិន្នន័យផ្លូវការបង្ហាញថា អត្រាកំណើតរបស់ប្រទេសកូរ៉េខាងត្បូង បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងឆ្នាំ២០២៣ ទោះបីជាបានចំណាយប្រាក់រាប់ពាន់លានដុល្លារទៅក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីលើកទឹកចិត្តស្ត្រីឲ្យមានកូនកាន់តែច្រើន និងរក្សាស្ថិរភាពចំនួនប្រជាជនក៏ដោយ។
ប្រទេសនេះ មានអាយុកាលសង្ឃឹមរស់បានយូរជាងគេបំផុតរបស់ពិភពលោក និងអត្រាកំណើតទាបបំផុត ជាការរួមបញ្ចូលគ្នា ដែលបង្ហាញពីបញ្ហាប្រឈមផ្នែកចំនួនប្រជាជនដែលកំពុងកើតឡើងហើយនោះ។
អត្រាមានកូនរបស់កូរ៉េខាងត្បូង ដែលជាចំនួនកូនដែលស្ត្រីត្រូវបានគេរំពឹងថា នឹងមានក្នុងជីវិតរបស់ខ្លួន បានធ្លាក់ចុះមកត្រឹម 0,៧២ ក្នុងឆ្នាំ២០២៣ គឺធ្លាក់ចុះជិត ៨ភាគរយ បើធៀបនឹងឆ្នាំ២០២២។ នេះបើយោងតាមទិន្នន័យបឋមពីស្ថិតិកូរ៉េ ក្នុងខែកុម្ភៈ។
ក្រុមអ្នកជំនាញ ប៉ាន់ប្រមាណថា ចំនួននេះ គឺទាបជាងអត្រាកុមារ ២,១នាក់ដែលត្រូវការ ដើម្បីរក្សាចំនួនប្រជាជនបច្ចុប្បន្ន ៥១លាននាក់ ដែលតាមអត្រាទាំងនេះ នឹងធ្លាក់ចុះជិតពាក់កណ្តាលនៅឆ្នាំ២១០០៕