
គប់ភ្លើងកីឡាអូឡាំពិក សម្រាប់ព្រឹត្តិការណ៍កីឡាប៉ារីសឆ្នាំ២០២៤ បានមកដល់ទីក្រុងម៉ាកសី(Marseille) ប្រទេសបារាំង បន្ទាប់ពីបានដឹកឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ ពីប្រទេសក្រិក តាមនាវាមានដងទង់៣។
គណៈកម្មាធិការរៀបចំទីក្រុងប៉ារីស បាននិយាយថា នាវា នេះត្រូវបានបើកដំណើរការនៅឆ្នាំ ១៨៩៦ ជាឆ្នាំនៃកីឡាអូឡាំពិកទំនើបដំបូងគេ។
មនុស្សជាង ១៥០.០០០នាក់ បានមកប្រមូលផ្តុំគ្នានៅកំពង់ផែ ដើម្បីស្វាគមន៍ការមកដល់របស់នាវា។ ក្រុមសំដែងលើអាកាសរបស់កងទ័ពអាកាសបារាំង បានសំដែងដោយបញ្ចេញផ្សែងពណ៌ខៀវ ស និងក្រហម ជាពណ៌នៃទង់ជាតិរបស់ប្រទេសបារាំង។
យុវជនរស់នៅក្នុងតំបន់ អាយុ២៤ឆ្នាំម្នាក់ បាននិយាយថា វាពិតជាមិនគួរឱ្យជឿក្នុងការឃើញនាវាចូលមកដល់ក្នុងទិដ្ឋភាពដ៏រំភើបបែបនេះ។
ការបញ្ជូនគប់ភ្លើងនៅក្នុងប្រទេសបារាំង កំណត់ពេលចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍នេះ ក្នុងទីក្រុង ម៉ាកសី(Marseille) ហើយនឹងមានអ្នកកាន់គប់ភ្លើងប្រហែល ១០.០០០នាក់។
គប់ភ្លើង នឹងឆ្លងកាត់ទីតាំងល្បីៗជាច្រើន រួមទាំងតំបន់បេតិកភណ្ឌពិភពលោក Mont Saint-Michel និងវិមាន Versailles មុនពេលទៅដល់ទន្លេ River Seine សម្រាប់ពិធីបើកនៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២៤។