
លោកប្រធានាធិបតី Klaus Iohannis បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសរូម៉ានី នឹងពិចារណាអំពីការបញ្ជូនប្រព័ន្ធការពារដែនអាកាស Patriot របស់ខ្លួន ទៅកាន់ប្រទេសជិតខាងអ៊ុយក្រែន ដើម្បីជួយប្រទេសដែលហែកហួរដោយសង្រ្គាមនេះ ទប់ទល់នឹងការវាយប្រហារតាមអាកាសរបស់រុស្ស៊ី។
ថ្លែងបន្ទាប់ពីកិច្ចប្រជុំជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន (Joe Biden) នៅក្នុងទីក្រុង វ៉ាស៊ីនតោន លោក Iohannis បាននិយាយថា ការសម្រេចចិត្តជាយថាហេតុ មិនអាចធ្វើឲ្យប៉ះពាល់ដល់សន្តិសុខប្រទេសរបស់លោកឡើយ។ ជាសមាជិកអង្គការណាតូអស់រយៈពេលពីរទសវត្សរ៍ រូម៉ានី មានព្រំដែនវែងបំផុតជាមួយអ៊ុយក្រែន ក្នុងចំណោមប្រទេសសមាជិកសហភាពអឺរ៉ុប។
អគ្គលេខាធិការអង្គការណាតូ លោក ចេន ស្តូលថិនប៊ឺក (Jens Stoltenberg) បានអំពាវនាវឲ្យសមាជិកនៃសម្ព័ន្ធភាពយោធានេះ ជំរុញការគាំទ្រផ្នែកការពារដែនអាកាសសម្រាប់អ៊ុយក្រែន នៅគ្រាដ៏សំខាន់ក្នុងជម្លោះ ខណៈដែលរុស្ស៊ី បានបង្កើនយុទ្ធនាការវាយប្រហាររបស់ខ្លួនប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធថាមពល និងទីក្រុងនានា។
លោក ស្តូលថិនប៊ឺក បាននិយាយកាលពីខែមុនថា សម្ព័ន្ធមិត្តទាំងអស់ បានកំណត់អត្តសញ្ញាណឧបករណ៍ការពារដែនអាកាសបន្ថែមសម្រាប់អ៊ុយក្រែន រួមទាំងប្រព័ន្ធ Patriot និង SAMP/T ផងដែរ។
លោក Iohannis បានថ្លែងប្រាប់អ្នកយកព័ត៌មានថា៖«លោកប្រធានាធិបតី បៃដិន បានលើកឡើងពីប្រធានបទនៃប្រព័ន្ធការពារដែនអាកាស Patriots ហើយខ្ញុំបានប្រាប់គាត់ថា ខ្ញុំបើកចំហក្នុងការពិភាក្សាអំពីបញ្ហានេះ»។ «យើងនឹងត្រូវពិភាក្សាអំពីប្រព័ន្ធការពារដែនអាកាសនេះ នៅក្នុងប្រទេស ដើម្បីពិនិត្យមើលថាតើយើងអាចផ្តល់ជូនប្រព័ន្ធមួយដែរឬអត់ ហើយជាការពិតណាស់តើយើងទទួលបានអ្វី ជាថ្នូរមកវិញ ព្រោះវាមិនអាចទទួលយកបានទេ ដែលប្រទេសរូម៉ានី ត្រូវបានទុកចោល ដោយគ្មានប្រព័ន្ធការពារអាកាសនោះ»។