ក្រសួងឧស្សាហកម្ម នៅថ្ងៃព្រហស្បតិ៍ (ទី៩ ខែឧសភា) នេះ បានឲ្យដឹងថា ការបញ្ជាឲ្យជម្លៀសចេញ ត្រូវបានធ្វើឡើង ចំពោះសហគមន៍ដែលនៅក្បែរកន្លែងមានអគ្គិភ័យនៅឯស្ថានីយសើទែនផ្ទុកសារធាតុគីមី ក្នុងខេត្ត Rayong ភាគខាងកើតរបស់ប្រទេសថៃ ខណៈដែលអណ្តាតភ្លើងទំនងជារាលដាល។
មនុស្សម្នាក់ត្រូវបានអះអាងថា ស្លាប់ ហើយ ៣នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន Siam Cement Group (SCC.BK) ដែលក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនជាម្ចាស់ស្ថានីយនេះ។ ក្រុមហ៊ុនបានប្រាប់ថា សកម្មភាពទាំងអស់ត្រូវបានផ្អាក ហើយក្រុមហ៊ុនបាន «គ្រប់គ្រងស្ថានការណ៍ភ្លាមៗ»។
ស្ថានីយស្តុកនេះស្ថិត មានទីតាំងស្ថិតនៅក្នុងតំបន់ឧស្សាហកម្មដ៏ធំល្វឹងល្វើយ Map Ta Phut នៅឆ្នេរសមុទ្រភាគខាងកើតប្រទេសថៃ។ អ្នកពន្លត់អគ្គភ័យស្ម័គ្រចិត្តបានប្រាប់សារព័ត៌មាន Reuters ថា អគ្គិភ័យបានចាប់ផ្តើមតាំងពីព្រឹកព្រលឹម។
ក្រុមអ្នកពន្លត់អគ្គីភ័យបានបង្ហាញពីសំណុំផ្សែងខ្មៅដ៏ក្រាស់ឃ្មឹក ដែលហុយទ្រលោមចេញពីកន្លែងនោះភ្លាមៗ បន្ទាប់ពីចំហេះបានចាប់ផ្តើមមាន។ ក្រុមហ៊ុន Siam Cement បាននិយាយថា ទំហំនៃការខូចខាត នៅតែកំពុងត្រូវបានវាយតម្លៃ ដោយបន្ថែមថា សើទែនដែលឆេះមានផ្ទុកសារធាតុរំលាយ ដែលប្រើក្នុងឧស្សាហកម្មផ្សេងៗ៕