
គេហទំព័រតាមដានដែនសមុទ្រ បានបង្ហាញថា នាវាដឹកជំនួយទៅកាន់ផែដែលសាងសង់ដោយសហរដ្ឋអាមេរិកនៅឆ្នេរហ្កាហ្សា បានធ្វើដំណើរចេញពីប្រទេសកោះស៊ីប នៅថ្ងៃព្រហស្បតិ៍នេះ។
នាវា Sagamore របស់សហរដ្ឋអាមេរិក បានចាកចេញពីកំពង់ផែ Larnaca នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។ មន្ត្រីអាមេរិក បាននិយាយថា នាវានេះ នឹងត្រូវបានប្រើដើម្បីបញ្ជូនការផ្គត់ផ្គង់ទៅកាន់ផែអណ្តែតទឹកដែលត្រូវបានសាងសង់ឡើង ដើម្បីពន្លឿនជំនួយចូលទៅក្នុងដែនដីដែលត្រូនឡោមព័ទ្ធនេះ។
ពុំមានការអត្ថាធិប្បាយភ្លាមៗពីអាជ្ញាធរកោះស៊ីបដែលបាននិយាយមុននេះថា នាវានឹងចេញដំណើរឆាប់ៗ នៅពេលដែលកន្លែងចំណតអណ្តែតទឹក មានលំនឹង អាស្រ័យលើលក្ខខណ្ឌអាកាសធាតុ។
យុទ្ធនាការយោធារបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស ជាការឆ្លើយតបនឹងការវាយប្រហាររបស់ហាម៉ាសលើអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា បានបំផ្លិចបំផ្លាញតំបន់ហ្កាហ្សាស្ទ្រីបដ៏តូច ជាទីដែលភ្នាក់ងារផ្តល់ជំនួយ ព្រមានថា ប្រជាជនរបស់ខ្លួនចំនួន ២,៣ លាននាក់ កំពុងប្រឈមនឹងគ្រោះទុរ្ភិក្ស។
ប្រទេសកោះស៊ីប បានបើកច្រករបៀងសមុទ្រកាលពីខែមីនា ដើម្បីបញ្ជូនជំនួយដោយផ្ទាល់ទៅកាន់តំបន់ហ្កាហ្សា ជាកន្លែងដែលការដឹកជញ្ជូនតាមផ្លូវគោក ត្រូវបានរំខានយ៉ាងខ្លាំង ដោយការបិទព្រំដែន និងប្រតិបត្តិការយោធារបស់អ៊ីស្រាអែល។