
ប្រធានអង្គការសុខភាពពិភពលោក (WHO)បាននិយាយកាលពីថ្ងៃពុធថា មន្ទីរពេទ្យនៅតំបន់ហ្កាហ្សាស្ទ្រីបភាគខាងត្បូង មាននៅសល់ប្រេងឥន្ធនៈសម្រាប់តែបីថ្ងៃប៉ុណ្ណោះ ដោយសារតែការបិទច្រកព្រំដែន។
ទោះបីជាមានការជំទាស់ពីអន្តរជាតិក៏ដោយ អ៊ីស្រាអែល បានបញ្ជូនរថក្រោះចូលទៅក្នុងទីក្រុងរ៉ាហ្វាភាគខាងត្បូងដ៏ចង្អៀតកាលពីថ្ងៃអង្គារ ហើយបានរឹបអូសយកច្រកឆ្លងកាត់ក្បែរនោះចូលទៅក្នុងប្រទេសអេហ្ស៊ីប ដែលជាផ្លូវបញ្ជូនដ៏សំខាន់សម្រាប់ជំនួយចូលទៅក្នុងទឹកដីប៉ាឡេស្ទីន ដែលត្រូវបានឡោមព័ទ្ធ។
អគ្គនាយកអង្គការ WHO លោក Tedros Adhanom Ghebreyesus បាននិយាយថា ប្រេងឥន្ធនៈដែលទីភ្នាក់ងារសុខភាពអង្គការសហប្រជាជាតិ រំពឹងថានឹងត្រូវបានអនុញ្ញាតឲ្យចូលកាលពីថ្ងៃពុធនោះ ត្រូវបានរារាំង។
អាជ្ញាធរអ៊ីស្រាអែល គ្រប់គ្រងលំហូរជំនួយមនុស្សធម៌ ទៅកាន់តំបន់ហ្កាហ្សា។
លោក Tedros បាននិយាយនៅលើបណ្តាញសង្គម Xថា៖«ការបិទច្រកព្រំដែនរ៉ាហ្វា បន្តរារាំងអង្គការសហប្រជាជាតិពីការនាំយកប្រេងឥន្ធនៈ។ ដោយគ្មានប្រេងឥន្ធនៈ ប្រតិបត្តិការមនុស្សធម៌ទាំងអស់ នឹងត្រូវបញ្ឈប់។ ការបិទព្រំដែន ក៏កំពុងរារាំងការផ្តល់ជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្កាហ្សាផងដែរ»។