
មន្ត្រីលីបង់ បាននិយាយកាលពីថ្ងៃពុធថា ការវាយប្រហាររបស់អ៊ីស្រាអែលទៅលើលីបង់ភាគខាងត្បូង ក្នុងរយៈពេល ៧ខែនៃអរិភាពឆ្លងព្រំដែនជាមួយក្រុមហេសបូឡា បានបណ្តាលឲ្យមានការខូចខាតជាង ១,៥ ពាន់លានដុល្លារ។
ចលនាហេសបូឡាដ៏មានឥទ្ធិពលនៅប្រទេសលីបង់ បានចាប់ផ្តើមវាយប្រហារអ៊ីស្រាអែល ដើម្បីគាំទ្រដល់សម្ព័ន្ធមិត្តហាម៉ាស មួយថ្ងៃបន្ទាប់ពីការវាយប្រហារដែលមិនធ្លាប់មានពីមុនមករបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនកាលពីថ្ងៃទី ៧ ខែតុលា ទៅលើអ៊ីស្រាអែល ដែលបានបង្កឲ្យមានសង្រ្គាមនៅតំបន់ហ្កាហ្សាស្ទ្រីប។
ក្រុមហេសបូឡា បានបង្កើនការវាយប្រហាររបស់ខ្លួនក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈពេលដែលយោធារបស់អ៊ីស្រាអែល បានវាយប្រហារចូលកាន់តែជ្រៅទៅក្នុងទឹកដីលីបង់ ដោយនិយាយថា ខ្លួនបានកំណត់គោលដៅលើក្រុមប្រយុទ្ធជន និង «ហេដ្ឋារចនាសម្ព័ន្ធ» ដែលប្រើប្រាស់ដោយក្រុមគាំទ្រដោយអ៊ីរ៉ង់។
ក្រុមប្រឹក្សាភាគខាងត្បូងនៃប្រទេសលីបង់ ជាស្ថាប័នផ្លូវការមួយដែលមានភារកិច្ចវាយតម្លៃការបំផ្លិចបំផ្លាញបានប៉ាន់ប្រមាណថា ចាប់តាំងពីថ្ងៃទី៨ ខែតុលាមក ការចំណាយលើ«ការខូចខាតអគារ និងស្ថាប័នមានចំនួនច្រើនជាងមួយពាន់លានដុល្លារ»។
ហេដ្ឋារចនាសម្ព័ន្ធ រួមទាំងទឹក ភ្លើង ផ្លូវថ្នល់ និងសេវាសុខភាព ក៏បានរងការខូចខាតដែលប៉ាន់ស្មានប្រហែល ៥០០លានដុល្លារបន្ថែមទៀត នេះបើយោងតាមតួលេខដែលផ្តល់ដោយប្រធានក្រុមប្រឹក្សាលោក Hashem Haidar។