
អ្នកការទូតបានឲ្យដឹងថា ក្រសួងការបរទេសវៀតណាម បានប្រាប់សហភាពអឺរ៉ុប (EU) ថា ខ្លួនមិនអាចរៀបចំកិច្ចប្រជុំនៅសប្តាហ៍ក្រោយជាមួយមន្ត្រីជាន់ខ្ពស់របស់ប្លុកនេះស្តីពីទណ្ឌកម្មរុស្ស៊ីបានទេ ខណៈដែលទីក្រុងហាណូយ រៀបចំត្រៀមសម្រាប់ដំណើរទស្សនកិច្ចដែលអាចមានពីប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។
គួរបញ្ជាក់ថា វៀតណាមបាន និងកំពុងខិតខំអនុវត្តគោលនយោបាយការបរទេសអព្យាក្រឹត ក្នុងទំនាក់ទំនងជាមួយប្រទេសមហាអំណាចធំៗ។ ប្រទេសនេះបានបដិសេធមិនថ្កោលទោសការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន ជាជំហរដែលប្រទេសលោកខាងលិចមើលឃើញថា មានសម្ព័ន្ធភាពជិតស្និទ្ធនឹងវិមានក្រឹមឡាំងជ្រុលពេក។
បេសកជនពិសេសទទួលបន្ទុកការអនុវត្តទណ្ឌកម្មរបស់ EU លោក David O'Sullivan នឹងធ្វើដំណើរទៅកាន់តំបន់អាស៊ីអាគ្នេយ៍ នៅសប្តាហ៍ក្រោយ ហើយមានគម្រោងជួបជាមួយមន្ត្រីវៀតណាម នៅថ្ងៃទី ១៣-១៤ ខែឧសភា ប៉ុន្តែទីក្រុងហាណូយបានស្នើឲ្យពន្យារពេលជំនួបនេះ ដោយសារតែបណ្ដាមេដឹកនាំរបស់ប្រទេសរវល់ពេកពិបាកជួបជាមួយរូបលោក»។ នេះបើតាមអ្នកការទូតម្នាក់ដែលដឹងដោយផ្ទាល់អំពីកិច្ចការនេះ។
ជាមួយគ្នានេះ អ្នកការទូត ៣រូបផ្សេងទៀត បានបញ្ជាក់ពីការពន្យារពេលនៃដំណើរទស្សនកិច្ចនេះ ដោយម្នាក់ប្រាប់ថា វៀតណាមបានស្នើខែកក្កដា ជាកាលបរិច្ឆេទ សម្រាប់ជំនួបនេះ។ តែយ៉ាងណាក្ដី តំណាងសហភាពអឺរ៉ុប នៅវៀតណាម មិនមានការអត្ថាធិប្បាយភ្លាមៗនោះឡើយ ពាក់ព័ន្ធនឹងការលើកឡើងពីអ្នកការទូត ហើយក្រសួងការបរទេសវៀតណាម និងស្ថានទូតរុស្ស៊ី នៅទីក្រុងហាណូយ ក៏បានមិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយដូចគ្នាដែរ៕