
សមាជិកសភាបានឲ្យដឹងថា សភារបស់ប្រទេសអ៊ុយក្រែន នៅថ្ងៃព្រហស្បតិ៍ (ទី៩ ខែឧសភា) នេះ បានបោះឆ្នោតបញ្ចប់តំណែងរបស់ឧបនាយករដ្ឋមន្ត្រី លោក Oleksandr Kubrakov ដែលបានមើលខុសត្រូវលើកិច្ចប្រឹងប្រែងស្ថាបនាឡើងវិញ ក្នុងសម័យសង្គ្រាម និងដែលគាំទ្រដល់កិច្ចប្រឹងប្រែង ក្នុងការបង្កើតផ្លូវដឹកជញ្ជូនសមុទ្រខ្មៅដ៏សំខាន់។
លោក Kubrakov ក៏បានជួយធានាឲ្យមានផ្លូវដឹកជញ្ជូនសំខាន់ៗ សម្រាប់មនុស្សរាប់លាននាក់ ដែលភៀសខ្លួនចេញពីការប្រយុទ្ធគ្នា នៅខាងដើមនៃសង្រ្គាមនេះ បន្ទាប់ពីមានការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២។ ការដកតួនាទីរបស់បុរសវ័យ ៤១ឆ្នាំរូបនេះ កើតឡើងចំពេលដែលមានគម្រោងបំបែកក្រសួងដ៏មានឥទ្ធិពលរបស់លោក ជាផ្នែក២ ដាច់ដោយឡែកពីគ្នា។ នាពេលនេះ គេនៅមិនទាន់ច្បាស់ទេថា នរណានឹងមកជំនួសកៅអីរបស់លោកនោះ។
តាមរយៈបណ្ដាញសង្គម Facebook លោក Kubrakov បានប្រាប់ឲ្យដឹងថា ការបញ្ចប់តំណែងរបស់លោកមិនមានការពិភាក្សាជាមួយលោកឡើយ មុនពេលមានការបោះឆ្នោតនេះ ហើយរូបលោកមិនមានឱកាសបង្ហាញរបាយការណ៍លម្អិត អំពីសកម្មភាពរបស់លោកទៅកាន់សភាទេ។
ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន បានរាយការណ៍ថា សមាជិកសភាមកពីគណបក្សរបស់ប្រធានាធិបតី លោក Volodymyr Zelenskiy កំពុងពិចារណាបង្កើតក្រសួង ២ ដាច់ដោយឡែក ដើម្បីត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធ និងគោលនយោបាយក្នុងតំបន់។
គួរបញ្ជាក់ថា លោក Kubrakov ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី នៅខែធ្នូ ឆ្នាំ២០២២។ នៅមុននោះ រូបលោកជារដ្ឋមន្ត្រីក្រសួងហេដ្ឋារចនាសម្ព័ន្ធ៕