អាជ្ញាធរនគរបាលកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍ (ទី៩ ខែឧសភា) នេះ បានឲ្យដឹងថា YouTuber (អ្នកបង្កើតមាតិកាលើឆាណែលយូធូប) ម្នាក់ដែលមានវ័យជាង ៥០ឆ្នាំ ត្រូវបានចាប់ឃុំខ្លួន បន្ទាប់ពីបានសម្លាប់ YouTuber ម្នាក់ទៀត ដែលកំពុងផ្សាយផ្ទាល់នៅទីក្រុង Busan។
យោងតាមនគរបាលទីក្រុង Busan បានឲ្យដឹងថា ជនរងគ្រោះក្នុងវ័យជាង ៥០ឆ្នាំ ត្រូវបានចាក់បណ្ដាលឲ្យស្លាប់ ខណៈពេលដែលកំពុងផ្សាយផ្ទាល់នៅលើ YouTube ទៅកាន់អ្នកជាវប្រហែល ៤.០០០នាក់របស់លោក អំឡុងពេលលោកចូលរួមសវនាការផ្លូវច្បាប់របស់តុលាការតំបន់ Busan។
ជនសង្ស័យដែលមានវ័យជាង ៥០ឆ្នាំ និងដែលត្រូវបានគេស្គាល់ថា ជាអ្នកស្គាល់គ្នាជាមួយជនរងគ្រោះដែរនោះ ត្រូវបានគេស្គាល់ថា ជា YouTuber ដូចគ្នាដែរ។ ឆាណែលរបស់ជនល្មើស មានអ្នកជាវប្រហែល ៨.០០០នាក់។
នគរបាលបានឆ្លើយតបនឹងរបាយការណ៍បឋមពីការមានហេតុការណ៍ចាក់សម្លាប់ នៅវេលាម៉ោង៩ និង៥២នាទីព្រឹក ដោយប្រញាប់ប្រញាល់ទៅកន្លែងកើតហេតុ ដែលពេលទៅដល់ពួកគេឃើញជនរងគ្រោះគាំងបេះដូង។ ហើយទោះបីជាមានការប្រឹងប្រែងជួយសង្គ្រោះក៏ដោយ ក៏ជនរងគ្រោះត្រូវបានគេប្រកាសថា បានស្លាប់នៅម៉ោង ១១:០៤ព្រឹក ក្នុងមន្ទីរពេទ្យក្បែរនោះ។
ជនសង្ស័យត្រូវបានចាប់ខ្លួននៅម៉ោងប្រហែល ១១ និង ៣៥នាទីព្រឹក នៅក្នុងទីក្រុង Gyeongju ខេត្ត Gyeongsang ខាងជើង បន្ទាប់ពីបានរត់គេចខ្លួនពីកន្លែងកើតហេតុតាមរថយន្តឈ្នួល។
អាជ្ញាធរនគរបាលកំពុងស៊ើបអង្កេតពីមូលហេតុនៃឃាតកម្មនេះ ដោយមានការសង្ស័យខ្លាំងលើជម្លោះផ្លូវច្បាប់ដែលមិនទាន់ត្រូវបានដោះស្រាយថា អាចជាហេតុផលជំរុញឲ្យជនសង្ស័យប្រព្រឹត្តអំពើនេះ៕