ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា ក្នុងរយៈពេលប្រាំខែ ដើមឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តគម្រោងចំនួន១២៨គម្រោង ដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិក ហើយនឹងអាចបង្កើតការងារបានជាង១០ម៉ឺនកន្លែងផងដែរ។
ឆ្លើយតបចំពោះក្រុមប្រឆាំងមួយក្តាប់តូចដែលបានអង្គុយតែរិះគន់ថា រាជរដ្ឋាភិបាលអាណត្តិថ្មីនីតិកាលទី៧ក្នុងរដ្ឋសភា ដែលដឹកនាំដោយសម្តេចផ្ទាល់នេះគឺពុំបានធ្វើអ្វី និងតែងតែអួតអំពីអ្នកវិនិយោគខ្យល់មកកម្ពុជានោះ ត្រូវបានសម្តេចតបថា រាជរដ្ឋាភិបាលបានខិតខំដាក់ចេញនូវគោលដៅជាច្រើន ដើម្បី លើកកម្ពស់ និងទាក់ទាញក្រុមអ្នកវិនិយោគមកពង្រីក និងដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែម ដោយជាក់ ស្តែងចាប់ពីខែមករា ដល់ខែឧសភានេះ គឺសម្តេចបានអនុម័តលើគម្រោងវិនិយោគរហូតដល់១២៨គម្រោង ដែលមានទឹកប្រាក់ចំនួន២៥០០លានដុល្លារ និងបង្កើតការងារជូនពលរដ្ឋបានរហូតដល់១៣ម៉ឺនកន្លែង ឯណោះ។
ការលើកឡើងរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តីនេះ គឺក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអាហារសាមគ្គីធុរកិច្ច ជាមួយសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា នា ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤នេះ នៅមជ្ឈមណ្ឌលតាំងពិព័រណ៌កោះពេជ្យ ដោយមានអ្នកវិនិយោគរាប់ពាន់នាក់ចូលរួម៕
អត្ថបទ ៖ បាន ចក់



