
ក្រុមរដ្ឋឥស្លាម (IS)បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារគ្រាប់បែកនៅភាគឦសាននៃប្រទេសអាហ្វហ្គានីស្ថាន ដែលបានសម្លាប់មន្ត្រីនគរបាលដែលជាផ្នែកនៃយុទ្ធនាការប្រឆាំងដំណាំអាភៀន។
ក្រុមនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃពុធថា ម៉ូតូមួយគ្រឿង ត្រូវបានចងភ្ជាប់គ្រឿងផ្ទុះ និងបានផ្ទុះ ដោយសំដៅលើការល្បាតរបស់តាលីបង់ នៅក្នុងទីប្រជុំជន Faizabad ក្នុងខេត្ត Badakhshan ដែលបានបណ្តាលឲ្យមនុស្សស្លាប់ និងសមាជិកល្បាតចំនួន ១២នាក់រងរបួស ក៏ដូចជាបំផ្លាញរថយន្តមួយគ្រឿង។
លោក Abdul Mateen Qani អ្នកនាំពាក្យក្រសួងមហាផ្ទៃ បាននិយាយថា មន្ត្រីកំពុងធ្វើដំណើរដើម្បីបំផ្លាញដំណាំអាភៀន នៅតំបន់នោះ។
សាខារបស់ក្រុមរដ្ឋឥស្លាមនៅអាហ្វហ្គានីស្ថាន ដែលជាគូប្រជែងសំខាន់របស់តាលីបង់ បានធ្វើការវាយលុកទៅលើសាលារៀន មន្ទីរពេទ្យ វិហារឥស្លាម និងតំបន់ស៊ីអ៊ីតទូទាំងប្រទេស។ កាលពីខែមីនា ក្រុមនេះបាននិយាយថា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ បានបំផ្ទុះខ្សែក្រវាត់ផ្ទុះក្នុងចំណោមក្រុមតាលីបង់ ដែលបានប្រមូលផ្តុំនៅជិតធនាគារ Kandahar ដើម្បីបើកប្រាក់ខែរបស់ពួកគេ។