
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានយល់ព្រមដកកងកម្លាំងរុស្ស៊ី និងឆ្មាំព្រំដែន ពីផ្នែកជាច្រើនរបស់ប្រទេសអាមេនី តាមសំណើរបស់ទីក្រុងយ៉េរ៉េវ៉ាន់។ នេះបើតាមអ្នកនាំពាក្យរបស់មេដឹកនាំរូបនេះ ដែលត្រូវបានដកស្រង់សម្ដី នៅថ្ងៃព្រហស្បតិ៍ (ទី៩ ខែឧសភា) នេះ ដោយទីភ្នាក់ងារសារព័ត៌មាន Interfax (Ifax) របស់រុស្ស៊ី។
ការប្រកាសនេះកើតមានឡើងបន្ទាប់ពីការចាកចេញរបស់កងរក្សាសន្តិភាពរុស្ស៊ីជិត ២.០០០នាក់ ទាំងពីក្នុង និងជុំវិញតំបន់ Nagorno-Karabakh ដែលប្រជាជនអាស៊ែបៃហ្សង់ បានវិលត្រឡប់ទៅកាន់ទីនោះវិញដោយបង្ខំ ក្នុងខែកញ្ញាឆ្នាំមុន។ ការចាកចេញរបស់ពួកគេបានបញ្ចប់ការដាក់ពង្រាយរយៈពេលជាច្រើនឆ្នាំ ដែលផ្តល់ឲ្យទីក្រុងមូស្គូនូវមូលយោធា នៅក្នុងតំបន់យុទ្ធសាស្ត្រ South Caucasus។
គួរបញ្ជាក់ថា អាមេនីបានស្នើឲ្យឆ្មាំព្រំដែនរុស្ស៊ីចាកចេញពីប៉ុស្តិ៍របស់ពួកគេផងដែរ នៅឯអាកាសយានដ្ឋានសំខាន់របស់ប្រទេស ក្នុងទីក្រុងយ៉េរ៉េវ៉ាន់ ចាប់ពីថ្ងៃទី១ ខែសីហា។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ត្រូវបានដកស្រង់សម្តី នៅថ្ងៃព្រហស្បតិ៍នេះ ដែលនិយាយថា លោក Putin និងនាយករដ្ឋមន្ត្រីអាមេនី លោក Nikol Pashinyan បានឈានដល់កិច្ចព្រមព្រៀងមួយស្តីពីការចាកចេញថ្មីជាបន្តបន្ទាប់របស់រុស្ស៊ី ក្នុងកិច្ចប្រជុំ នៅទីក្រុងមូស្គូ កាលពីថ្ងៃពុធ (ទី៨ ខែឧសភា)។
ហើយសេវាសារព័ត៌មាន Sputnik Armenia បានដកស្រង់សម្តីអ្នកនយោបាយជាន់ខ្ពស់អាមេនីម្នាក់មកពីបក្សកាន់អំណាច ដែលបង្ហើបឲ្យដឹងថា លោក Putin និង Pashinyan បានព្រមព្រៀងគ្នាថា កងកម្លាំងរុស្ស៊ី និងឆ្មាំព្រំដែន នឹងដកចេញពីតំបន់អាមេនីចំនួន៥។
តែយ៉ាងណាក្ដី ឆ្មាំព្រំដែនរុស្ស៊ីនឹងនៅតែមានវត្តមាននៅព្រំដែនរបស់ប្រទេសអាមេនីជាមួយទួរគី និងអ៊ីរ៉ង់ដដែល តាមការស្នើសុំរបស់ទីក្រុងយ៉េរ៉េវ់ាន់។ នេះបើតាមលោក Peskov ដែលត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន Interfax៕