
រដ្ឋមន្ត្រីការបរទេសលោក David Cameron បានពណ៌នាអំពីប្រព័ន្ធ និងទំហំនៃការនាំចេញអាវុធរបស់ចក្រភពអង់គ្លេសទៅកាន់ប្រទេសអ៊ីស្រាអែលថា មានភាពខុសគ្នាទាំងស្រុងពីសហរដ្ឋអាមេរិក ដោយនិយាយថា ការលក់ដែលខ្លួនផ្តល់អាជ្ញាប័ណ្ណមានចំនួនតិចតួច និងត្រូវបានគ្រប់គ្រងដោយនីតិវិធីយ៉ាងតឹងរ៉ឹង។
លោក Cameron បានឆ្លើយតបទៅនឹងសំណួរមួយថា តើចក្រភពអង់គ្លេសនឹងធ្វើតាមសហរដ្ឋអាមេរិកដែរឬទេ បន្ទាប់ពីប្រទេសមហាអំណាចមួយនេះបានព្រមានថា ខ្លួននឹងដកហូតអាវុធពីអ៊ីស្រាអែល ក្នុងករណីមានការលុកលុយទ្រង់ទ្រាយធំទៅលើទីក្រុង Rafah។
បន្ទាប់ពីមានការថ្លែងសុន្ទរកថាមួយ លោក Cameron បាននិយាយថា៖ «មានភាពខុសគ្នាខ្លាំងណាស់ រវាងស្ថានភាពសហរដ្ឋអាមេរិក និងស្ថានភាពនៅចក្រភពអង់គ្លេស»។
លោកបានប្រាប់ន្ថែមថា៖ «សហរដ្ឋអាមេរិក គឺជារដ្ឋផ្គត់ផ្គង់អាវុធដ៏ធំដល់អ៊ីស្រាអែល។ យើងមិនមានរដ្ឋាភិបាលចក្រភពអង់គ្លេស ដែលផ្គត់ផ្គង់សព្វាវុធដល់អ៊ីស្រាអែលនោះទេ យើងមានអាជ្ញាប័ណ្ណមួយចំនួន ហើយខ្ញុំគិតថា ការនាំចេញផ្នែកការពារជាតិរបស់យើងទៅកាន់អ៊ីស្រាអែល មានមិនដល់ ១ភាគរយផងនៃការនាំចេញសរុបរបស់ពួកគេ»៕