
អតីតមេទ័ពលោក Valeriy Zaluzhnyi ដែលបានដឹកនាំការការពារជាតិរបស់ប្រទេសអ៊ុយក្រែន ក្នុងរយៈពេល ២ឆ្នាំដំបូងនៃការលុកលុយទ្រង់ទ្រាយធំពីទីក្រុងមូស្គូ ត្រូវបានប្រធានាធិបតីលោក Volodymyr Zelenskiy នៅថ្ងៃព្រហស្បតិ៍ (ទី៩ ខែឧសភា) នេះ តែងតាំងជាឯកអគ្គរដ្ឋទូតរបស់ទីក្រុងគីវ ប្រចាំនៅចក្រភពអង់គ្លេស។
ក្រឹត្យនៃការតែងតាំងនេះត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័ររបស់ប្រធានាធិបតី។ លោក Zaluzhnyi ពីមុនត្រូវបានគេដាក់ឈ្មោះថា «វីរៈបុរសរបស់អ៊ុយក្រែន»។
គួរបញ្ជាក់ថា អ៊ុយក្រែនមិនមានឯកអគ្គរដ្ឋទូតប្រចាំនៅទីក្រុងឡុងដ្រ៍ទេ ចាប់តាំងពីលោក Zelenskiy បានបញ្ចប់តួនាទីរបស់លោក Vadym Prystaiko ក្នុងខែកក្កដា ឆ្នាំ២០២៣ បន្ទាប់ពីអតីតបេសកជនរូបនោះបានរិះគន់លោកប្រធានាធិបតីជាសាធារណៈ។
លោក Zaluzhnyi ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងក្លា ក្នុងចំណោមប្រជាជនអ៊ុយក្រែនជាច្រើនសម្រាប់ការដឹកនាំកងទ័ព នៅប៉ុន្មានម៉ោងដំបូងនៃការលុកលុយរបស់រុស្ស៊ី កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ និងសម្រាប់ការរៀបចំផែនការវាយលុកជួយរំដោះទឹកដីសំខាន់ៗ ដែលត្រូវបានទីក្រុងមូស្គូដណ្ដើមកាន់កាប់៕