រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តឱ្យកសិករ បង្កើតសហគមន៍កសិកម្មទំនើបឱ្យបានកាន់តែច្រើន ដើម្បីទទួលបានផលចំណេញច្រើនជាងមុន។
ថ្លែងក្នុងឱកាសជួបសំណេះសំណាលជាមួយកសិករតាមបណ្តាខេត្តក្នុងដំណើរបេសកកម្មពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា យោងតាមការធ្វើកសិកម្មតាមបែបសហគមន៍នាពេលបច្ចុប្បន្ន គឺពុំទាន់ផ្តល់ការចំណេញដល់កសិករនោះទេ ដែលហេតុនេះសហគមន៍ដែលកំពុងធ្វើកសិកម្មត្រូវរៀបចំ និងវាយតម្លៃជាមួយមន្រ្តីជំនាញរបស់ក្រសួងកសិកម្មអំពីការចំណាយ និងការចំណេញក្នុងចំណោមគ្រួសារដែលជាសមាជិករបស់សហគមន៍។
ឯកឧត្តម ឌិត ទីណា បញ្ជាក់ថា ដើម្បីឆ្លើយតបនឹងបញ្ហានេះ ក្រសួងកសិកម្មលើកទឹកចិត្តឱ្យកសិករ បង្កើតសហគមន៍កសិកម្មទំនើបឱ្យបានកាន់តែច្រើន ដើម្បីទទួលបានផលចំណេញច្រើនជាងមុន ហើយក៏ជាវិធីសាស្ត្រអាចបញ្ចៀសប្រជាកសិករពីការជំពាក់បំណុល ដែលជាយន្តការអាទិភាពមួយ ដើម្បីលើកស្ទួយកម្រិតជីវភាពរបស់កសិករកម្ពុជា។
ឯកឧត្តម បញ្ជាក់ទៀតថា ការយកសហគមន៍ដែលមានស្រាប់រៀបចំទៅជាសហគមន៍កសិកម្មទំនើប ដែលជាជាវិធីសាស្ត្រមួយ ដើម្បីជួយកាត់បន្ថយការជាប់បំណុលពីការចំណាយទុនបស់បងប្អូនប្រជាកសិករ។
សូមរំលឹកថា ការចងក្រង«សហគមន៍កសិកម្មទំនើប» ជាដំណោះស្រាយមួយជួយឱ្យកសិករខ្នាតតូចមិនរងការខាតបង់ ដែលនេះជាជម្រើសល្អបំផុតមួយ សម្រាប់អ្នកដែលទន់ខ្សោយ និងដឹងខ្លួនថាខ្វះទុន ខ្វះបច្ចេកទេស ខ្វះទីផ្សារ ងាយរងហានិភ័យពីការប្រែប្រួលអាកាសធាតុ មានថ្លៃដើមផលិតខ្ពស់ និងតែងទទួលបានទិន្នផលទាបដើម្បីការពារពីហានិភ័យទាំងនេះ៕ អត្ថបទ សេក ឧត្តម






