អ្នកនាំពាក្យរបស់ក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ការចាប់ខ្លួនបុគ្គលឈ្មោះ ស៊ុន ចន្ធី ដែលជាមេបក្សកម្លាំងជាតិនោះ គឺដោយសារបុគ្គលរូបនេះបានផ្សព្វផ្សាយព័ត៌មានតាមរយៈបណ្តាញសង្គមហ្វេសបុក ដែលមានលក្ខណៈ«ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និងបានទម្លាក់កំហុសដល់រាជរដ្ឋាភិបាលដោយអសុទ្ធចិត្តទាក់ទងនឹងការចែកបណ្ណក្រីក្រជូនប្រជាពលរដ្ឋជាដើម។
តាមរយៈសេចក្តីថ្លែងការណ៍របស់ក្រសួងយុត្តិធម៌ ដែលទូរទស្សន៍BTVទទួលបាន នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤នេះ បានញ្ជាក់ថា ការចាប់ខ្លួនបុគ្គលឈ្មោះ ស៊ុន ចន្ធី អំពីដំណើររឿងពាក់ព័ន្ធនឹង «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដោយបុគ្គលរូបនេះបានផ្សព្វផ្សាយព័ត៌មានលើបណ្តាញសង្គម ដោយបានទម្លាក់កំហុសដោយអសុទ្ធចិត្តទៅលើរាជរដ្ឋាភិបាល លើការចែកប័ណ្ណក្រីក្រជូនប្រជាពលរដ្ឋថាមានការលម្អៀង និងរើសអើងព្រមទាំងបានមួលបង្កាច់អំពីការអភិវឌ្ឍ ប្រទេសរបស់រាជរដ្ឋាភិបាល ក្នុងចេតនាញុះញង់បំភ្លើសព័ត៌មាន នាំឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ដែលបង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងសណ្ដាប់ធ្នាប់សាធារណៈជាដើម។
សេចក្តីថ្លែងការណ៍របស់ក្រសួងបានបញ្ជាក់បន្ថែមថា«ការចាប់ខ្លួននេះ ជាការអនុវត្តច្បាប់ស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌ ហើយការចាប់ខ្លួននេះផងដែរ គឺពាក់ព័ន្ធទៅនឹងអង្គហេតុនៃបទល្មើស ហើយជាការអនុវត្តច្បាប់សុទ្ធសាធ ដោយផ្អែកតាមក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានោះដែរអ្នកនាំពាក្យរបស់ក្រសួងយុត្តិធម៌ ពិនិត្យឃើញថា ការចេញសេចក្ដីថ្លែងការណ៍របស់គណបក្សកម្លាំងជាតិ ដោយប្រើពាក្យ “ថ្កោលទោស” ចំពោះការអនុវត្តច្បាប់ដោយស្ថាប័នមានសមត្ថកិច្ចបែបនេះ គឺជាការមិនត្រឹមត្រូវ និងមិនអាចទទួលយកបានឡើយ ហើយដែលគណបក្សនេះគប្បីពិនិត្យពិចារណាឡើងវិញក្នុងការប្រើប្រាស់ពាក្យពេចន៍ឱ្យបានសមស្រប ដើម្បីធានាបាននូវធម្មានុរូបភាពជាតួអង្គនយោបាយមួយ ដែលគោរពច្បាប់ នៅក្នុងសង្គមនីតិរដ្ឋ។
សូមបញ្ជាក់ថា លោក ស៊ុន ចន្ធី មេបក្សកម្លាំងជាតិត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការចាប់ខ្លួនកាលពី រសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤នេះ ពេលចុះពីលើយន្តហោះមកពីប្រទេសជប៉ុន។ ការចាប់ខ្លួនដោយសារតែបុគ្គលរូបនេះ បង្ហោះតាមបណ្តាញសង្គមហ្វេសបុក នាំឲ្យពលរដ្ឋយល់ច្រឡំ និងបង្កឲ្យមានភាពវឹកវរក្នុងសង្គមទាក់ទងនឹងការនិយាយគ្មានការពិតបំភ្លើសចោទប្រកាន់ដល់រាជរដ្ឋាភិបាលថា មានភាពរើសអើង ក្នុងការចែកប័ណ្ណក្រីក្រជូនដល់បងប្អូនប្រជាពលរដ្ឋនោះ៕ អត្ថបទ៖ បាន ចក់



