មេបញ្ជាការកងកម្លាំងរបស់ចក្រភពអង់គ្លេស នៅប្រទេសស៊ីប បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការទម្លាក់ជំនួយតាមយន្តហោះ តាមរយៈប្រទេសហ្ស៊កដានី ដោយក្រុមចម្រុះរបស់រដ្ឋលោកខាងលិច និងប្រទេសអារ៉ាប់ គឺជាមធ្យោបាយ «មានប្រសិទ្ធភាពមិនគួរឱ្យជឿ» ដើម្បីចែកចាយជំនួយដល់ពលរដ្ឋប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា។

មេបញ្ជាការ លោក Peter Squires បាននិយាយថា កងកម្លាំងទ័ពអាកាសភូមិន្ទរបស់អង់គ្លេស (Royal Air Force) បានទម្លាក់ជំនួយពីយន្តហោះជាលើកទី១១ របស់ខ្លួន ដែលឈានដល់ចំនួនសរុប១១០ តោន កាលពីថ្ងៃព្រហស្បតិ៍។
លោក Squires បាននិយាយទៅកាន់សារព័ត៌មាន រ៉យទ័រ មុនពេលចេញដំណើរតាមជើងហោះហើរយោធាពីមូលដ្ឋានទ័ពអាកាស King Abdullah របស់ប្រទេសហ្ស៊កដានីថា មានផែនការលម្អិតអំពីកន្លែងដែលយន្តហោះនឹងចុះចត ដើម្បីត្រូវធ្វើឱ្យប្រាកដថា យន្តហោះចុះចតនៅកន្លែងដែលអាចចូលដំណើរការបានច្រើនបំផុត ប៉ុន្តែក៏ជាកន្លែងដែលមានសុវត្ថិភាពបំផុតផងដែរ។
មានករណីស្លាប់ ជាច្រើនករណីដោយសារតែឆ័ត្រយោងនាំជំនួយមិនរលាស់បើក នៅពេលនោះជំនួយដែលទម្លាក់មក បានធ្លាក់លើពលរដ្ឋហ្កាហ្សា កំពុងរង់ចាំជំនួយនៅខាងក្រោម។

ដោយតាមដីគោកពិបាកចូលទៅដល់ក្នុងតំបន់ហ្កាហ្សា និងពុំមានប្រតិបត្តិការពេញលេញ ប្រទេសហ្ស៊កដានី បានដឹកនាំកងកម្លាំងទ័ពអាកាសប្រទេសលោកខាងលិច និងអារ៉ាប់ បានផ្តោតលើការទម្លាក់ជំនួយពីយន្តហោះនៅភាគខាងជើងតំបន់ហ្កាហ្សា ជាកន្លែងដែលមានតម្រូវការកាន់តែច្រើន និងហានិភ័យនៃគ្រោះទុរភិក្ស កំពុងឈានដល់កម្រិតដ៏មហន្តរាយ។
លោកនិយាយថា ការទម្លាក់ជំនួយភាគច្រើន ត្រូវបានធ្វើឡើងនៅជិតឆ្នេរសមុទ្រតំបន់ហ្កាហ្សា ព្រោះវាជាកន្លែងដែលមានសុវត្ថិភាពបំផុតក្នុងការទម្លាក់ជំនួយ។