លោក Benjamin Netanyahu បានបោះសម្ដីផ្គើនទៅនឹងសហរដ្ឋអាមេរិក ចំពោះការលើកឡើងរបស់លោកBidenដែលថានឹងលែងបញ្ជូនអាវុធឲ្យមកខ្លួន ដោយនិយាយថា អ៊ីស្រាអែលអាច ឈរតែម្នាក់ឯងបាន ដែលការគំរាមនេះកើតឡើង បន្ទាប់ពីសហរដ្ឋអាមេរិក បានព្រមានថា ខ្លួនអាចឈប់ផ្ដល់ជញ្ជូនអាវុធឲ្យទៀត ប្រសិនបើនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បញ្ជាឱ្យលុកលុយពេញទំហឹងលើ ទីក្រុង រ៉ាហ្វា (Rafah) នៅក្នុងតំបន់ ហ្កាហ្សាហែកហួរដោយសង្គ្រាម។

លោកបាននិយាយថា ប្រសិនបើយើងត្រូវតែប្រយុទ្ធដោយជៀសមិនរួច យើងនឹងឈរតែម្នាក់ឯង។ ខ្ញុំបាននិយាយហើយ ថាប្រសិនបើចាំបាច់យើងនឹងប្រយុទ្ធដោយប្រើគ្រឿងយុទ្ធោបករណ៍ទាំងអស់ដែលយើងមាន ។
លោកប្រធានាធិបតីអាមេរិក Joe Biden បាននិយាយថា លោកនឹងឈប់ផ្ដល់អាវុធមួយចំនួន រួមទាំងកាំភ្លើងធំ ប្រសិនបើទីក្រុងរ៉ាហ្វា ត្រូវបានឈ្លានពានមែននោះ។

សហរដ្ឋអាអាមេរិក បានផ្អាកការដឹកជញ្ជូនគ្រាប់បែករួចហើយ ដោយសារការបារម្ភពីការស្លាប់ជនស៊ីវិល។
យ៉ាងណាក៏ដោយ កាលពីថ្ងៃព្រហស្បតិ៍ទី៩ ឧសភា សប្ដាហ៍នេះ លោក Netanyahu បានរំលឹកឡើងវិញនូវសង្រ្គាមឆ្នាំ១៩៤៨ ដើម្បីច្រានចោលការព្រមានពីសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់អ៊ីស្រាអែល។

លោកបានបញ្ជាក់ថា ក្នុងសង្គ្រាមឯករាជ្យកាលពី ៧៦ ឆ្នាំមុន យើងពុំមានអាវុធច្រើនទេ ប៉ុន្តែយើងមានកម្លាំងខ្លាំងនៃស្មារតី វីរភាព និងការរួបរួមក្នុងចំណោមយើងទាំងអស់គ្នា ហើយយើងក៏បានទទួលជ័យជម្នះ៕