បាល់ទាត់៖ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានប្រកាសពន្យារពេលការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (ថ្នាក់ខេត្ត) និងលីគកំពូលកម្ពុជាឆ្នាំ២០២១ ជាបណ្ដោះអាសន្នរហូតដល់ថ្ងៃទី១២ ខែសីហា បន្ទាប់ពីមានការរីករាលដាលខ្លាំងនៃជំងឺកូវីដ-១៩ ពិសេសជំងឺបំប្លែងថ្មីប្រភេទដែលតា (Delta) ដែលទើបផ្ទុះការរីករាលដាលក្នុងសហគមន៍កាលពីថ្មីៗ។
យោងតាមសេចក្ដីជូនដំណឹងរបស់ CNCC កាលពីល្ងាចថ្ងៃទី២ ខែសីហា ដោយឆ្លើយតបជាមួយសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល និងសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជាដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលក្នុងសហគមន៍នៃមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) CNCC បានសម្រេចពន្យារពេលការប្រកួតពានរង្វាន់ទាំងពីររហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ជាបណ្ដោះអាសន្ន។ ចំពោះកាលបរិច្ឆេទថ្មី CNCC នឹងជូនដំណឹងតាមក្រោយ។ គួរដឹងថា ការសម្រេចផ្អាកការប្រកួតបណ្ដោះអាសន្នជាថ្មីនេះ បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចបិទខ្ទប់ខេត្តមួយចំនួន ក៏ដូចជារាជធានីភ្នំពេញដែលបានដាក់ចេញនូវបំរាមគោលចរ និងបិទខ្ទប់តំបន់មួយចំនួនបន្ទាប់ពីផ្ទុះជំងឺកូវីដ-១៩ ប្រភេទថ្មី Delta ក្នុងសហគមន៍។
ដំបូងឡើយពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត គ្រោងបន្ដការប្រកួតនៅថ្ងៃទី០៣ ខែសីហានេះ តែដោយយោងតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល និងសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ CNCC ក៏សម្រេចពន្យារពេលជាបន្ដ។ ចំណែកលីគកំពូលកម្ពុជាបានដំណើរការប្រកួតចំនួន ១១សប្ដាហ៍មកហើយ ពោលគឺនៅសល់តែ ២សប្ដាហ៍ទៀតប៉ុណ្ណោះ នឹងបញ្ចប់ការប្រកួតសន្សំពិន្ទុជើងទី១ មុន CNCC ប្រកាសពន្យារពេលការប្រកួតពេលនេះ៕
អត្ថបទ៖ លី ឈុនឡា