បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានចាត់ឱ្យលោក ទីន សារ៉ាវុធ អភិបាលរងខេត្តទទួលបន្ទុកវិស័យសុខាភិបាលដឹកនាំក្រុមការងារបន្តចុះស៊ើបអង្កេតករណីមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងរងការចោទប្រកាន់ខ្វះការយកចិត្តទុកដាក់បណ្ដាលឱ្យអ្នកជំងឺស្លាប់។ នេះបើតាមការឱ្យដឹងពីលោក សឿម ប៊ុនរិទ្ធិ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង។
ពាក់ព័ន្ធករណីនេះ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Zey Leak ii ដែលត្រូវជាកូនបង្កើតនៃគ្រួសារសព បានបន្តបង្ហោះសារបង្ហាញការមិនសុខចិត្តទទួលយកដំណោះស្រាយអ្វីទៀតឡើយ បន្ទាប់ពីប្រធានមន្ទីរពេទ្យបង្អែកខេត្តមិនព្រមចេញមុខសុំទោសជាសាធារណៈតាមការសន្យា។
ម្ចាស់គណនីហ្វេសប៊ុកឈ្មោះZey Leak ii លើកឡើងក្នុងន័យដើមទាំងស្រុងថា «លោកប្រធានខុសសន្យាមុនទេ គ្រាន់តែសុំទោសនឹងទទួលកំហុស អត់ធ្ងន់ទេលោកគ្រូ តែនេះលោកគ្រូកុហកស្រស់ៗ ខ្ញុំខ្ពើមពាក្យខិតខំនឹងណាស់ អេកូបើខ្ញុំមិនសុំ តើអស់លោកមានគំនិតនឹកឃើញអេកូអោយម្តាយខ្ញុំទេ សុំហើយនៅមិនចង់អេកូអោយទៀត ខ្ញុំនៅតែម្នាក់ឯងអស់លោកគ្រូពេទ្យក៏គ្មានទឹកចិត្តមកជួយលើកម្តាយខ្ញុំដាក់លើគ្រែរុញទៅបន្ទប់អេកូដែរ ខ្ញុំប្រាប់ថាខ្ញុំនៅតែម្នាក់ឯងទេលោកគ្រូអត់មានអ្នកជួយលើកម៉ាក់ទេ លោកគ្រូឆ្លើយថា រកបងប្អូនមក លើកម្តាយដាក់គ្រែបានហើយចាំទៅអេកូន ខិតខំព្យាបាលដោយឱសថ ចង់តែសើច អោយថ្នាំម្តាយខ្ញុំលេបមិនបើកឯកសារនឹងមែន ឈឺហុចថ្នាំលេប ឈឺចាក់ថ្នាំ ទាំងដែលមិនមកពិនិត្យដោយយកចិត្តទុកដាក់លើម្តាយខ្ញុំ ទុកម្តាយខ្ញុំចោលមិនព្យាបាលរហូតដល់ស្លាប់
កំឡុងពេលសម្រាកព្យាបាលតាំងពីថ្ងៃទី22ដល់ថ្ងៃទី27ខែមេសាឆ្នាំ2024 តេស្តជាតិស្កម្តាយខ្ញុំចុះខ្លាំងរហូតដល់ខាងលោកគ្រូហាមម្តាយខ្ញុំមិនអោយចាក់ថ្នាំទឹកនោមផ្អែមទៀតដោយខ្លាចជាតិស្កចុះកាន់តែខ្លាំង វ៉ាស់ឈាមក៏ស្ថិតក្នុងកម្រិតធម្មតា ប្អូនខ្ញុំកើតមកបានតែ2គីឡូ2ខាំ អស់លោកដាក់2គីឡូ9ខាំ។ ពេលកើតហើយអស់លោកមិនដែលបានមកតេស្តជាតិស្ករអោយម្តាយខ្ញុំសូម្បីតែម្តង វាស់ឈាមម៉ានក៏អស់លោកមិនប្រាប់ ហើយមួយទៀត គ្រប់ជំងឺចេញមកម្តាយខ្ញុំសុទ្ធសឹងតែធ្ងន់ធ្ងរ ចុះហេតុអីបានមិនសង្គ្រោះតាំងពីគាត់ចុកពោះដំបូងមិចបានទុកម្តាយខ្ញុំដល់លែងដឹងខ្លួនទើបបញ្ចូនម្តាយខ្ញុំទៅសង្គ្រោះបន្ទាន់ រុញម្តាយខ្ញុំដាក់សាលនេះសាលនោះទៅវិញទៅមក??
ផុសលិខិតមកឆ្កុយ មិនមានខ្លឹមសារសរសេរ នេះមែនទេប្រធានមន្ទីរពទ្យ សីលធម៌ខ្សោយដូចគ្នា ទើបកូនចៅធ្វើតាម។
បញ្ជាក់ថា លិខិតដែលខាងលោកប្រធានមន្ទីពេទ្យចេញមកនេះខ្ញុំមិនទទួលជាដាច់ខាត ខ្ញុំមិនត្រូវការ ការបកស្រាយពីជំងឺម្តាយខ្ញុំទេ ហើយខ្ញុំក៏នឹងមិនទទួលយកដំណោះស្រាយអីទៀតដែរមើលងាយជីវិតម្តាយខ្ញុំម្លេះ។»
ទាក់ទិនករណីនេះ កាលពីម្សិលមិញមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងបានចេញលិខិតចូលរួមមរណទុក្ខជូនចំពោះក្រុមគ្រួសារសព លោកស្រី ចាន់ ស្រីនុច។
មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង បង្ហាញការសោកស្តាយជាពន់ពេក ចំពោះមរណភាព លោកស្រី ចាន់ ស្រីណុច អាយុ ៤៣ឆ្នាំ ដែលមានអាសយដ្ឋាននៅ ភូមិដាំស្ពៃ សង្កាត់ ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានទទួលមរណៈភាពកាលពីថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០២៤ វេលាម៉ោង ១២:៣០នាទី នៅក្នុងមន្ទីរ ពេទ្យបង្អែកខេត្តបាត់ដំបង។ លោកស្រី ចាន់ ស្រីនុច បានចូលសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២៤ វេលាម៉ោង១៥:៤០ដោយមូលហេតុឈឺក្បាល និងថប់ដង្ហើម ហើមជើងទាំងសងខាង និងមានផ្ទៃពោះ ៨ខ (ស្ត្រីបានសម្រាលកូន ប្រុសទម្ងន់ ២,៩គីឡូក្រាម ) ។
គ្រូពេទ្យព្យាបាលបានពិនិត្យឃើញថាស្រ្តីខាងលើ ស្ថិតក្នុងស្ថានភាព ខ្សោយថ្លើមចុងក្រោយ ជំងឺទឹកនោម ផ្អែមធ្ងន់ធ្ងរ ខ្សោយតម្រងនោមចុងក្រោយ និងមានផ្ទៃពោះចំនួនប្រាំពីរដង(កូនមួយរលូត) (សម្រាលចុងក្រោយជាកូន ទី៦) ។នៅចំពោះមុខស្ថានភាពបែបនេះ ក្រុមការងារបានខិតខំព្យាបាលដោយឱសថ និងមធ្យោបាយបច្ចេកទេស វិទ្យាសាស្ត្រ ដោយកិច្ចខិតខំប្រឹងប្រែងសង្គ្រោះជីវិត តែជាអកុសលស្ត្រីជាអ្នកជំងឺបានទទួលមរណៈភាព នៅវេលា ម៉ោង១២និង៣០នាទី ថ្ងៃទី៣០ខែមេសា ឆ្នាំ២០២៤ នៅក្នុងផ្នែកសង្គ្រោះបន្ទាន់ជំងឺទូទៅ នៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ដោយរោគវិនិច្ឆ័យ ការពុលថ្លើមខ្លាំងខ្លា ដែលបណ្តាលឱ្យពុលដល់ខួរក្បាល និងជំងឺខ្សោយថ្លើម រួមនឹងខ្សោយតម្រងនោមចុងក្រោយ៕


