ជប៉ុន៖ នាព្រឹកថ្ងៃព្រហស្បតិ៍ទី៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អមដំណើរដោយ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងគណៈប្រតិភូកម្ពុជា បានធ្វើទស្សនកិច្ចការងារទៅកាន់ក្រុមហ៊ុន Japan Freight Railway ក្នុងគោលបំណងសិក្សាឈ្វេងយល់អំពីបទពិសោធន៍នៃការរៀបចំប្រព័ន្ធភស្តុភារកម្ម និងដឹកជញ្ជូនតាមផ្លូវដែកពីភាគីមិត្ត សំដៅពាំនាំមកនូវឧត្តមានុវត្តន៍ និងធាតុចូលល្អៗ សម្រាប់ធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធដឹកជញ្ជូនតាមផ្លូវដែកនៅកម្ពុជា។
ជាការកត់សម្គាល់ ក្រុមហ៊ុន Japan Freight Railway គឺជាក្រុមហ៊ុនយក្សនៃប្រទេសជប៉ុនដែលមានប្រតិបត្តិការជាមធ្យម៤១២ជើងក្នុងមួយថ្ងៃ ផ្លូវរត់ប្រវែង៧៨២៩,១គីឡូម៉ែត្រ និងស្ថានីយកុងតឺន័រចំនួន១២២។ បន្ថែមពីនេះ ក្រុមហ៊ុនដ៏លេចធ្លោមួយនេះ ធ្លាប់បានចូលរួមសិក្សាលើគម្រោងអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូនតាមផ្លូវដែកនៅកម្ពុជា ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនផងដែរ។



