ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) កាលពីថ្ងៃព្រហស្បតិ៍ថា បានចោទប្រកាន់លោកខាងលិច ថាបង្កើនហានិភ័យនៃជម្លោះជាសកល ហើយនិយាយថា ពុំមាននរណាម្នាក់នឹងត្រូវបានអនុញ្ញាតឱ្យគំរាមកំហែងដល់មហាអំណាចនុយក្លេអ៊ែរដ៏ធំបំផុតរបស់ពិភពលោកឡើយ ខណៈរុស្ស៊ី ប្រារព្ធទិវាជ័យជម្នះរបស់សហភាពសូវៀត លើពួកណាហ្ស៊ី អាល្លឺម៉ង់ ក្នុងសង្គ្រាមលោកលើកទីពីរ។

នៅពេលដែលកងទ័ពរុស្ស៊ី វាយរុលទៅមុខប្រឆាំងនឹងកងកម្លាំងដែលគាំទ្រដោយលោកខាងលិចរបស់អ៊ុយក្រែន លោក ពូទីន បានចោទប្រកាន់ពួកឥស្សរជនលោកខាងលិច ថាមានភាព «ក្រអឺតក្រទម» ហើយភ្លេចពីតួនាទីដ៏លេចធ្លោរបស់សហភាពសូវៀត ក្នុងការកម្ចាត់ណាហ្ស៊ីអាល្លឺម៉ង់ ព្រមទាំងកំពុងបង្កជាជម្លោះនៅទូទាំងពិភពលោក។

លោក ពូទីន ដែលបានបញ្ជូនកងទ័ពរបស់ខ្លួនចូលទៅក្នុងអ៊ុយក្រែននៅឆ្នាំ២០២២ បានបង្កើតសង្រ្គាមជាផ្នែកមួយនៃការតស៊ូជាមួយលោកខាងលិច ដែលលោកនិយាយថាធ្វើឱ្យរុស្ស៊ីអាម៉ាស់មុខ បន្ទាប់ពីព្រឹត្តិការណ៍ដួលរលំជញ្ជាំងក្រុងប៊ែរឡាំង នៅឆ្នាំ១៩៨៩ ដោយការរំលោភលើអ្វីដែលលោកចាត់ទុកថាជាផ្នែកនៃឥទ្ធិពលរបស់ទីក្រុងមូស្គូ។

អ៊ុយក្រែន និងលោកខាងលិចនិយាយថា លោក ពូទីន កំពុងចូលរួមក្នុងការដណ្តើមយកទឹកដីតាមបែបអធិរាជ។ ពួកគេបានប្តេជ្ញាកម្ចាត់រុស្ស៊ី ដែលបច្ចុប្បន្នគ្រប់គ្រងប្រហែល ១៨ ភាគរយនៃទឹកដីអ៊ុយក្រែន រួមទាំងតំបន់គ្រីម៉េ និងផ្នែកនៃតំបន់ចំនួនបួននៅភាគខាងកើតអ៊ុយក្រែន។ រុស្ស៊ីនិយាយថា ទឹកដីដែលធ្លាប់ជាផ្នែកនៃចក្រភពរុស្ស៊ី ឥឡូវនេះកំពុងក្លាយជាផ្នែកនៃប្រទេសរុស្ស៊ីម្តងទៀត៕