ប្រធានាធិបតីអេហ្ស៊ីប លោក អាបឌែល ហ្វាតាស អាល់ស៊ីស៊ី (Abdel-Fattah al-Sisi) និងនាយករដ្ឋមន្ត្រីហ៊្សកដានី លោក ប៊ីស្ហើ ខាសាវនេ (Bisher Khasawneh) កាលពីថ្ងៃព្រហស្បតិ៍ (០៩ ឧសភា) បានព្រមានប្រឆាំងនឹងគ្រោះមហន្តរាយមនុស្សធម៌នៃប្រតិបត្តិការយោធាអ៊ីស្រាអែល ដែលកំពុងបន្តនៅទីក្រុងរ៉ាហ្វា (Rafah) របស់ប៉ាឡេស្ទីន នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យប្រធានាធិបតីអេហ្ស៊ីប។

សេចក្តីថ្លែងការណ៍បាននិយាយថា មេដឹកនាំទាំងពីរបានធ្វើការលើកឡើងបែបនេះក្នុងអំឡុងពេលកិច្ចប្រជុំមួយនៅទីក្រុងគែរ ជាទីដែលពួកគេបានរំលឹកឡើងវិញនូវ «ការបដិសេធទាំងស្រុង» របស់ប្រទេសទាំងពីរចំពោះការលុកលុយរបស់អ៊ីស្រាអែលលើក្រុងរ៉ាហ្វា ដែលជាទីក្រុងចុងភាគខាងត្បូងនៃតំបន់ហ៊ុមព័ទ្ធ។

សេចក្តីថ្លែងការណ៍បានបន្ថែមថា លក្ខខណ្ឌដែលកំពុងបន្តនេះ ទាមទារឱ្យសហគមន៍អន្តរជាតិទទួលយកទំនួលខុសត្រូវរបស់ខ្លួនសម្រាប់ការឈានដល់បទឈប់បាញ់ជាបន្ទាន់ និងមាននិរន្តរភាព និងជំរុញឆ្ពោះទៅមុខសម្រាប់ការទទួលស្គាល់រដ្ឋឯករាជ្យប៉ាឡេស្ទីន ដែលនឹងជួយក្នុងការសម្រេចបាននូវសន្តិសុខ និងស្ថិរភាពក្នុងតំបន់។

កងទ័ពអ៊ីស្រាអែល បានបើកប្រតិបត្តិការយោធានៅទីក្រុងរ៉ាហ្វា កាលពីយប់ថ្ងៃចន្ទ ជាទីដែលប្រជាជនប៉ាឡេស្ទីនជាង ១ លាននាក់ដែលភៀសខ្លួនពីខាងក្នុង បានស្វែងរកកន្លែងជ្រកកោនចាប់តាំងពីការវាយលុករបស់អ៊ីស្រាអែល បានចាប់ផ្តើមនៅថ្ងៃទី០៧ ខែតុលា ឆ្នាំមុនមក៕