អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (០៩ ឧសភា) ថា សហរដ្ឋអាមេរិក មានការព្រួយបារម្មណ៍យ៉ាងខ្លាំងចំពោះចំណាត់ការប្រឆាំងនឹងក្រុមបាតុករដែលតវ៉ានឹងសេចក្តីព្រាងច្បាប់នៅប្រទេសហ្ស៊កហ្ស៊ី ហើយរដ្ឋាភិបាលគួរតែផ្លាស់ប្តូរទិសដៅរបស់ខ្លួន ។

លោក ម៉ាធូ មីលឡឺ (Matthew Miller) បាននិយាយថា «យើងបានដឹងពីកំណើនរបាយការណ៍នៃការយាយី និងការវាយដំលើរាងកាយរបស់ក្រុមសង្គមស៊ីវិល និងសកម្មជន និងអ្នកសារព័ត៌មាននៅក្នុងការតវ៉ានោះ។ យើងថ្កោលទោសចំពោះរឿងនេះ ហើយយើងអំពាវនាវឱ្យមានការស៊ើបអង្កេតឯករាជ្យពេញលេញ និងទាន់ពេលវេលា»។

កងកម្លាំងសន្តិសុខហ្ស៊កហ្ស៊ី បានប្រើប្រាស់ម្តងហើយម្តងទៀតនូវឧស្ម័នបង្ហូរទឹកភ្នែក ស្ព្រេយម្រេច និងកាណុងបាញ់ទឹកប្រឆាំងនឹងបាតុករ ដែលបានធ្វើបាតុកម្មស្ទើរតែរាល់ថ្ងៃអស់រយៈពេលប្រហែលមួយខែ ប្រឆាំងនឹងច្បាប់ «ភ្នាក់ងារបរទេស» របស់រដ្ឋាភិបាល។
ក្រុមបាតុករនិយាយថា ច្បាប់នេះមានលក្ខណៈផ្តាច់ការ និងត្រូវបានបំផុសគំនិតដោយច្បាប់ស្រដៀងគ្នានៅក្នុងប្រទេសរុស្ស៊ី ដែលត្រូវបានប្រើដើម្បីទប់ស្កាត់ការមិនពេញចិត្តនៅទីនោះ។ សេវាសន្តិសុខរដ្ឋរបស់ហ្ស៊កហ្ស៊ី កាលពីថ្ងៃពុធ បានចោទប្រកាន់អ្នករៀបចំការតវ៉ាថាព្យាយាមដណ្តើមអំណាចតាមរយៈអំពើហិង្សា ហើយបានព្រមានប្រជាជនមិនឱ្យចូលរួមក្នុងការតវ៉ា៕
