ក្រសួងអប់រំយុវជន និងកីឡា ប្រកាសហាមលោកគ្រូ អ្នកគ្រូនៅតាមគ្រឹះស្ថានសិក្សារដ្ឋបង្ខំសិស្សឱ្យរៀនគួរបន្ថែម ខណៈក្រសួងបានសេចក្តីសម្រេចឱ្យអនុវត្តកម្មវិធីសិក្សាក្រៅម៉ោង ២ម៉ោងបន្ថែមរួចហើយ ដើម្បីផ្តល់តម្លាភាពជូនសិស្សានុសិស្សស្ថិតក្នុងបន្ទុកគ្រួសារក្រីក្រ និងសិស្សទាំងអស់គ្នាឱ្យទទួលបានឱកាសសិក្សារៀនសូត្រដូចៗគ្នា។
តាមសេចក្តីថ្លែងការណ៍របស់ក្រសួងក្រសួងអប់រំយុវជន និងកីឡា បានឱ្យដឹងថា បច្ចុប្បន្ននេះ ក្រសួងបានចេញសេចក្តីណែនាំស្តីពីការអនុវត្តកម្មវិធីក្រៅម៉ោងសិក្សានៅតាមគ្រឹះស្ថានបឋមសិក្សា និងមធ្យមសិក្សាសាធារណៈគំរូ ក្នុងគោលដៅបង្កើនម៉ោងសិក្សាយ៉ាងតិច ២ ម៉ោងក្នុងមួយថ្ងៃ បន្ថែមទៀត ក្រោយពីក្រសួងបានទទួលព័ត៌មានអំពីការត្អូញត្អែរបស់មាតាបិតាសិស្សមួយចំនួនពាក់ព័ន្ធនឹងការលំបាកក្នុងការរ៉ាប់រងថ្លៃចំណាយលើការរៀនគួរក្រៅម៉ោងបន្ថែមរបស់កូនៗ និងបានបង្កបាតុភាពអវិជ្ជមាន ពីសកម្មភាពបង្រៀនគួរ ដូចជាការចេញវិញ្ញាសាប្រឡងប្រចាំខែ ប្រចាំឆមាសនូវលំហាត់ ឬខ្លឹមសារ ដូចទៅនឹងការបង្រៀនគួររួច ដែលធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍របស់សិស្សមិនបានរៀនគួ និងជាពិសេសបង្កើតគម្លាតវិសមភាពយ៉ាងច្រើនសម្រាប់កុមារក្រីក្រជួបការលំបាក ដែលគ្មានលទ្ធភាពរៀនគួរបន្ថែម។
អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា លោកស្រី ឃួន វិច្ឆិកា ថ្លែងប្រាប់ BTV នៅថ្ងៃទី១០ ខែឧសភានេះ ថា នៅពេលនេះ ក្រសួងអប់រំបាននិងកំពុងសិក្សាពង្រីកការអនុវត្តកម្មវិធីសិក្សាក្រៅម៉ោង ២ម៉ោងបន្ថែមនៅតាមបណ្តាសាលាបឋមសិក្សា និងមធ្យមសិក្សាឲ្យបានច្រើននៅទូទាំងប្រទេស ដើម្បីផ្លាស់ប្តូរវប្បធម៌ការរៀនគួរក្រៅម៉ោងផង និងការបំណិនជីវិតសិស្សតាមរយៈការសិក្សាភាសាបរទេស និងមុខវិជ្ជាផ្សេងទៀតផង ខណៈបច្ចុប្បន្នក្រសួងបាននិងកំពុងអនុវត្តសាកល្បងបានចំនួន២០សាលារួចហើយ។
សូមបញ្ជាក់ថា នៅក្នុងសេចក្តីថ្លែងការណ៍ក្រសួងអប់រំ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤នេះ ក៏បានណែនាំអំពាវនាវទៅដល់គ្រប់លោកគ្រូអ្នកគ្រូ គណៈគ្រប់គ្រងគ្រប់គ្រឹះស្ថានសិក្សាសាធារណៈមិនត្រូវបង្ខិតបង្ខំសិស្សឱ្យរៀនគួ និងមិនត្រូវយកមេរៀនឬលំហាត់បង្រៀនគួរ ដើម្បីធ្វើជាវិញ្ញាសាប្រឡងប្រចាំខែ ប្រចាំឆ្នាំផ្សេងៗ និងណែនាំសាលាត្រូវរៀបចំនិងអនុវត្តកម្មវិធីក្រៅម៉ោងសិក្សា ដើម្បីបង្កើនម៉ោងស្វ័យសិក្សាយ៉ាងតិច ២ម៉ោងបន្ថែម ហើយមាតាបិតាត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យនិងលើកទឹកចិត្តឱ្យកូនធ្វើស្វ័យសិក្សា និងរៀនសូត្រនៅផ្ទះជាដើម៕ អត្ថបទ៖ ស៊ុម សុខជា
