ចៅក្រមប៉ូឡូញដែលមានសិទ្ធិទទួលបានព័ត៌មានសម្ងាត់របស់យោធា ហើយបានស្នើសុំសិទ្ធិជ្រកកោននៅប្រទេសបេឡារុស នឹងត្រូវប្រឈមមុខនឹងការចោទប្រកាន់ពីបទចារកម្ម កាលថ្ងៃព្រហស្បតិ៍ បន្ទាប់ពីតុលាការប៉ូឡូញ បាននិយាយថា ខ្លួនកំពុងដកអភ័យឯកសិទ្ធិរបស់គាត់។

ការរត់ចោលស្រុករបស់លោកចៅក្រម Tomasz Szmydt ទៅកាន់សម្ព័ន្ធមិត្តដ៏សំខាន់មួយរបស់ទីក្រុងមូស្គូ បានធ្វើឲ្យទីតាំងរបស់ទីក្រុងវ៉ាសូវី ដែលជាគោលដៅសំខាន់សម្រាប់សកម្មភាពចារកម្មរបស់រុស្ស៊ីទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈដែលសមាជិកសភាប្រឆាំង បានធ្វើការស្តីបន្ទោសចំពោះអ្នកដែលអនុញ្ញាតឲ្យគាត់ឡើងទៅកាន់តំណែងសំខាន់នៃប្រព័ន្ធយុត្តិធម៌ប៉ូឡូញ។
អ្នកនាំពាក្យលោក Sylwester Marciniak បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ PAP ថា៖៖«តុលាការរដ្ឋបាលកំពូល តុលាការវិន័យនៃសាលាដំបូង...បានអនុម័តសេចក្តីសម្រេចដែលអនុញ្ញាតឲ្យលោកចៅក្រម Szmydt ទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ តម្រូវឲ្យឃុំខ្លួនលោកចៅក្រម និងការឃុំខ្លួនបណ្តោះអាសន្ន និងព្យួរលោកពីតួនាទីផ្លូវការរបស់ខ្លួន។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Adam Bodnar បាននិយាយមុននេះថា ការដកអភ័យឯកសិទ្ធិរបស់ Szmydt នឹងអនុញ្ញាតឲ្យចេញដីកាចាប់ខ្លួន និងចេញការជូនដូនដំណឹងទៅនគរបាលអន្តរជាតិ (Interpol) ដោយកំណត់ការធ្វើដំណើររបស់គាត់ ប៉ុន្តែបានទទួលស្គាល់ថា សេវាកម្មប៉ូឡូញ នឹងមិនអាចចាប់ខ្លួនគាត់នៅក្នុងប្រទេសបេឡារុសបានទេ។
លោក Szmydt បានបដិសេធការចោទប្រកាន់ចារកម្ម ដោយនិយាយថា លោកមិនបានបំពានច្បាប់ ប៉ូឡូញ ឬអឺរ៉ុបទេ។
នៅក្នុងសេចក្តីអធិប្បាយដែលត្រូវបានរាយការណ៍ដោយទីភ្នាក់ងារព័ត៌មានរដ្ឋ BelTA ប្រធានាធិបតីបេឡារុស លោក អាឡិចសាន់ឌឺ លូកាសិនកូ ( Alexander Lukashenko) បាននិយាយថា លោកនឹងពិចារណាលើសំណើសុំសិទ្ធិជ្រកកោនរបស់លោក Szmydt។