ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤នេះ បានរៀបចំសិក្ខាសាលាមួយស្តីពី «ការត្រៀមខ្លួនចូលទីផ្សារការងារ» ដោយអញ្ជើញវាគ្មិនល្បីៗចំនួន៥រូប ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍នានាដែលផ្តល់ជាគន្លឹះសំខាន់ៗក្នុងការស្វែងរកការងារធ្វើឲ្យមានប្រសិទ្ធភាពទៅដល់យុវជន និងសិស្សានុសិស្សជាង ២០០នាក់ ក្នុងឱកាសថ្ងៃទីពីរនៃពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព។

ក្រុមនិស្សិតមកពីសាកលវិទ្យាល័យផ្សេងៗគ្នា ដែលចូលរួមក្នុងអង្គសិក្ខាសាលា បានឲ្យព័ត៌មាន ប៊ីធីវី ដឹងថា ក្រៅពីពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព សិក្ខាសាលាថ្ងៃនេះ ក៏ផ្តល់នូវអត្ថប្រយោជន៍ជាច្រើនផងដែរដល់អ្នកចូលរួមទាំងអស់ ពីព្រោះបានដឹងព័ត៌មាននានាអំពីការត្រៀមខ្លួនឲ្យបានត្រឹមត្រូវ មុននឹងសម្រេចដាក់ពាក្យស្វែងរកការងារធ្វើ ខណៈមានក្រុមហ៊ុនជាច្រើនជ្រើសរើសបុគ្គលិក ដែលជាឱកាសស្វែងរកការងារងាយស្រួលជ្រើសរើសឲ្យត្រូវជំនាញ ដើម្បីអាចបំពេញការងារប្រចាំថ្ងៃ និងទៅថ្ងៃអនាគត ជាពិសេសការរក្សាបាននូវស្ថិរភាពការងារឲ្យយូរអង្វែង។

សូមជម្រាបជូនថា វាគ្មិនល្បីឈ្មោះទាំង៥រូប ដែលនឹងចូលរួមចែករំលែកចំណេះដឹងនេះ រួមមាន៖ លោក អ៊ីវ គឹមសួរ គ្រូបងឹ្វកអាជីវអាជីវកម្មរបស់ Action COACH Cambodia និងជាតំណាង ស.ស.យ.ក រាជធានីភ្នំពេញ, លោក ឡាយ សុភា ប្រធានមជ្ឈមណ្ឌលភាសា អេ អាយ អាយ , លោក សែម សុផា ប្រធានគ្រប់គ្រងជាន់ខ្ពស់ផ្នែកជ្រើសរើស និងបណ្តុះបណ្តាលនៃធនាគារ វីង , លោក គង់ សំនៀង អគ្គនាយករង វេសឡាញ អេឌ្យូខេសិនគ្រុប និងជាប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា និងលោក ខាន់ គឹមហួន ប្រធានការិយាល័យប្រមូល និងគ្រប់គ្រងទិន្នន័យ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។

សូមបញ្ជាក់ទៀតថា សិក្ខាសាលាខាងលើនេះ រៀបចំឡើងស្របពេល ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព ដែលរយៈពេល ២ថ្ងៃ គឺថ្ងៃទី៩ និងទី១០ ខែឧសភា នៅអគារ KAMPUS ជាប់ស្ពានអាកាសក្បាលថ្នល់។ ពិព័រណ៍នេះ មានការចូលរួមពីសំណាក់ក្រុមហ៊ុន សហគ្រាសធំៗចំនួន២៥ ដែលបាននាំយកឱកាសការងារគ្រប់ប្រភេទជាង ៥,៤០០កន្លែង ដើម្បីតាំងបង្ហាញ សម្ភាសជ្រើសរើស និងបើកឱកាសដល់អ្នកដាក់ពាក្យស្នើសុំការងារ៕ អត្ថបទ៖ ឈិត បូរ៉ាវី







