នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយ ឧត្តមសេនីឯក ឈឹម សិទ្ធិបុណ្យរិទ្ធ តំណាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ ដើម្បីត្រៀមរៀបចំបែបបទ និងនីតិវិធីត្រួតពិនិត្យសារធាតុញៀន និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់របស់មន្ត្រីរាជការ ទីប្រឹក្សា មេធាវី ក្រុមប្រឹក្សាអ្នកច្បាប់ ជំនួយការ និងបុគ្គលិកជាប់កិច្ចសន្យានៅអគ្គលេខាធិការដ្ឋានរដ្ឋសភា។
ឯកឧត្តម ឡេង ប៉េង ឡុង បានមានប្រសាសន៍ថា យោងតាមបទបញ្ជាលេខ ០១ បប របស់រាជរដ្ឋាភិបាលស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំង គ្រឿងញៀន ខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ឯកឧត្តម ចង់អោយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ជម្រាបជូនអង្គប្រជុំពីនីតិវិធីក្នុងការត្រួតពិនិត្យរកសារធាតុញៀន។
ឧត្តមសេនីយ៍ ឯក ឈឹម សិទ្ធិ បុណ្យរិទ្ធ បានមាន ប្រសាសន៍ថា នីតិវិធីត្រួតពិនិត្យសារធាតុញៀនមានបីផ្នែក (១)ការរៀបចំធ្វើតេស្ត (២ )ទទួលលទ្ធផល ក្រោយធ្វើតេស្ត (៣ ) លទ្ធផល ក្រោយធ្វើតេស្តពេលវិជ្ជមាន និងធ្វើទៅតាមនីតិវិធីច្បាប់។
ឯកឧត្តម ឡេង ប៉េងឡុង បានថ្លែងអំណរគុណជូនអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដែលបានបកស្រាយពន្យល់យ៉ាងក្បោះក្បាយពីបែបបទនីតិវិធីត្រួតពិនិត្យសារធាតុញៀន និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ដើម្បីរួមចំណែកកសាងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជា អោយមានការរីកចម្រើនឡើង ៕




