នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃសុក្រ (១០ ឧសភា) នេះថា ប្រទេសនេះនឹងអនុញ្ញាតឱ្យវេជ្ជបណ្ឌិតបរទេសធ្វើការនៅក្នុងមន្ទីរពេទ្យរបស់ខ្លួន បន្ទាប់ពីដំណើរការពិនិត្យយ៉ាងម៉ត់ចត់មួយ ខណៈដែលការធ្វើកូដកម្មរយៈពេលជាច្រើនខែដោយក្រុមគ្រូពេទ្យហាត់ការ មិនបង្ហាញសញ្ញាធូរស្រាល។

គ្រូពេទ្យរាប់ពាន់នាក់ បានឈប់ធ្វើការនៅថ្ងៃទី២០ ខែកុម្ភៈ ដើម្បីតវ៉ាចំពោះគម្រោងរបស់រដ្ឋាភិបាលក្នុងការបណ្ដុះបណ្ដាលវេជ្ជបណ្ឌិតបន្ថែមទៀត ដែលបង្កឱ្យមានភាពចលាចលក្នុងមន្ទីរពេទ្យ។

រដ្ឋាភិបាលដែលបានផ្តល់សម្បទានមួយចំនួនរួចហើយនៅក្នុងសំណើបញ្ចប់ការប្រឈមមុខដាក់គ្នានោះ បាននិយាយនៅសប្តាហ៍នេះថា វេជ្ជបណ្ឌិតដែលមានអាជ្ញាប័ណ្ណវេជ្ជសាស្ត្របរទេសនឹងត្រូវបានអនុញ្ញាតឱ្យអនុវត្តការងារនៅក្នុងប្រទេសនេះក្នុងគោលបំណងដើម្បីបន្ធូរបន្ថយការរំខានដល់សេវាកម្ម។

រដ្ឋាភិបាលត្រូវបានជាប់គាំងក្នុងការប្រឈមមុខដាក់គ្នាជាមួយវេជ្ជបណ្ឌិតហាត់ការ ដែលបានបដិសេធមិនត្រឡប់ទៅធ្វើការនៅមន្ទីរពេទ្យរបស់ពួកគេវិញ បើទោះបីជាក្រសួងសុខាភិបាលកាលពីខែមុន បានយល់ព្រមកាត់បន្ថយផ្នែកខ្លះនៃកំណែទម្រង់ការបណ្តុះបណ្តាលផ្នែកវេជ្ជសាស្រ្ត ដែលបានស្នើឡើងសម្រាប់ឆ្នាំ២០២៥ ក៏ដោយ។
វេជ្ជបណ្ឌិតដែលធ្វើកូដកម្មបានច្រានចោលការផ្តល់ជូននេះ ដោយទាមទារឱ្យលុបចោលទាំងស្រុងនូវផែនការបង្កើនចំនួននិស្សិតពេទ្យបន្ថែមទៀត ដែលរដ្ឋាភិបាលនិយាយថាមានសារៈសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងកង្វះខាត និងការថែទាំប្រជាជនដែលមានវ័យចំណាស់យ៉ាងឆាប់រហ័សនេះ៕