ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky និងលោកស្រី Roberta Metsola ប្រធាសភាអឺរ៉ុបដែលបានមកបំពេញទស្សនកិច្ច កាលពីថ្ងៃព្រហស្បតិ៍ បានពិភាក្សាអំពីការធ្វើសមាហរណកម្មអឺរ៉ុប និងបញ្ហាសន្តិសុខ របស់ប្រទេសអ៊ុយក្រែន។

នៅក្នុងកិច្ចពិភាក្សានេះ លោក Zelensky បាននិយាយថា អ៊ុយក្រែនបានបំពេញលក្ខខណ្ឌចាំបាច់ទាំងអស់សម្រាប់ការចាប់ផ្តើមកិច្ចពិក្សាចូលជាសមាជិកជាមួយសហភាពអឺរ៉ុបនៅខែក្រោយ នេះបើយោងតាមអង្គភាពសេវាព័ត៌មានរបស់ប្រធានាធិបតី។
លោកស្រី Metsola បាននិយាយថា លោកស្រី មានសុទិដ្ឋិនិយម ដែលរដ្ឋជាសមាជិកសហភាពអឺរ៉ុប នឹងអនុម័តក្របខ័ណ្ឌពិភាក្សាសម្រាប់ប្រទេសអ៊ុយក្រែននៅក្នុងខែមិថុនា។ លោកស្រី Metsola បានបញ្ជាក់ថា សភាអឺរ៉ុប នឹងជួយអ៊ុយក្រែនក្នុងគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន ដើម្បីឆ្ពោះទៅមុខតាមមាគ៌ារបស់អឺរ៉ុប ។

លោក Zelensky និងលោកស្រី Metsola ក៏បានពិភាក្សាអំពីស្ថានភាពនៅសមរភូមិក្នុងប្រទេសអ៊ុយក្រែន ខណៈមានការគាំទ្រផ្នែកការពារជាតិរបស់សហភាពអឺរ៉ុបសម្រាប់ទីក្រុងគីវ ហើយសន្និសីទកម្រិតខ្ពស់ស្តីពីសន្តិភាពមួយ នឹងត្រូវធ្វើឡើងនៅពាក់កណ្តាលខែមិថុនា នៅប្រទេសស្វីស។