
ទីក្រុងហុងកុងបានលើកឡើងថា វាគឺជារឿង «មិនគួរឲ្យជឿ» ទាល់តែសោះ ដែលក្រុមហ៊ុន Google បានបដិសេធសំណើឆ្នាំ២០២២ របស់ខ្លួន សុំឲ្យលាក់បទចម្រៀងតវ៉ាដ៏ពេញនិយមពីលទ្ធផលស្វែងរក។ ឥឡូវនេះ អាជ្ញាធរកំពុងដាក់សម្ពាធផ្លូវច្បាប់លើក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះ ដើម្បីឲ្យលុបបទចម្រៀងនេះចេញពីប្រព័ន្ធអ៊ីនធឺណិតរបស់ទីក្រុង។
គួរបញ្ជាក់ថា សាលាឧទ្ធរណ៍កាលថ្ងៃទី៨ ខែឧសភា បានអនុម័តលើសំណើរបស់រដ្ឋបាលរបស់ទីក្រុង ដើម្បីឲ្យមានដីកាបង្គាប់រារាំងដល់ជនណាម្នាក់មិនឲ្យបើកបទចម្រៀង «Glory To Hong Kong» (ភាពរុងរឿងក្រុងហុងកុង) ជាមួយនឹងចេតនាបង្កការបះបោរ។ ខណៈពេលដែលទីក្រុងមានច្បាប់សន្តិសុខថ្មី ដើម្បីដាក់ទោសបទល្មើសឧក្រិដ្ឋកម្មនោះ ការវិនិច្ឆ័យបានបង្វែរការទទួលខុសត្រូវទៅកាន់វេទិកានានាវិញ ដោយបន្ថែមគ្រោះថ្នាក់ថ្មីមួយ ដែលគ្រាន់តែបង្ហោះបទចម្រៀងនេះ ក៏អាចធ្វើឲ្យក្រុមហ៊ុនប្រឈមនឹងហានិភ័យផ្លូវច្បាប់ដែរ។
នៅក្នុងដីកាបង្គាប់នោះ ចៅក្រមបានកំណត់ថា ការកាត់ទោសជនល្មើសម្នាក់ៗមិនគ្រប់គ្រាន់ ដើម្បីដោះស្រាយ «បញ្ហាឧក្រិដ្ឋកម្មធ្ងន់ធ្ងរ» នេះនោះទេ។ ដោយសំដៅលើប្រតិបត្តិករវេទិកាអ៊ីនធឺណិត (IPO) ចៅក្រមបានសរសេរថា៖ «ដីកានេះគឺចាំបាច់ដើម្បីបញ្ចុះបញ្ចូល IPO ឲ្យលុបវីដេអូដែលមានទាក់ទងនឹងបទចម្រៀងចេញពីវេទិការបស់ពួកគេ»។
ពាក់ព័ន្ធនឹងដីកានេះ លោក Ryan Neelam នាយកកម្មវិធីនៅវិទ្យាស្ថាន Lowy និងជាអតីតអ្នកការទូតអូស្ត្រាលីប្រចាំទីក្រុងហុងកុង និងក្រុងម៉ាកាវ បាននិយាយថា៖ «ដីកាបង្គាប់នេះ ធ្វើឲ្យក្រុមហ៊ុន Google វេទិកាបណ្ដាញសង្គម និងក្រុមហ៊ុនបណ្ដាញសង្គមផ្សេងទៀត ស្ថិតក្នុងស្ថានភាពដ៏លំបាកមួយ ពោលគឺត្រូវថ្លឹងពីតម្លៃ រវាងការនិយាយដោយសេរី និងជម្លោះផ្ទាល់ជាមួយកាតព្វកិច្ចផ្លូវច្បាប់។ វានឹងបន្ថែមផលប៉ះពាល់គួរឲ្យបារម្ភកាន់តែខ្លាំងឡើងៗ ប្រសិនបើក្រុមហ៊ុនបច្ចេកវិទ្យាបរទេសអនុវត្តតាមដីកានេះ»។
យ៉ាងណាក្ដី សម្រាប់ពេលនេះ អ្នកតំណាងរបស់ក្រុមហ៊ុន Google បានបដិសេធមិនឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយ៕