
បើយោងតាមរបាយការណ៍សមរភូមិចុងក្រោយរបស់ប្រទេសដែលកំពុងបន្តមានសង្គ្រាមជាមួយគ្នា គឺរុស្ស៊ី និងអ៊ុយក្រែន បានបង្ហាញឲ្យឃើញថា ពួកគេបានបន្តការវាយប្រហារតគ្នាទៅវិញទៅមកជារឿយៗ ដោយកាលពីថ្ងៃព្រហស្បតិ៍ (ទី៩ ខែឧសភា) រុស្ស៊ីបានប្រាប់ថា ខ្លួនបានធ្វើឲ្យស្ថានភាពនៅសមរភូមិជួរមុខប្រសើរឡើងតាមរយៈការប្រយុទ្ធ រីឯអ៊ុយក្រែនបាននិយាយនៅថ្ងៃតែមួយថា ខ្លួនបានវាយប្រហារប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ។
ក្រសួងការពារជាតិរុស្ស៊ីបានរាយការណ៍ថា ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ កងទ័ពរុស្ស៊ីបានទប់ស្កាត់ការវាយបករបស់កងទ័ពអ៊ុយក្រែន ក្នុងទិសដៅជាច្រើន ធ្វើឲ្យនូវស្ថានភាពសមរភូមិជួរមុខតាមរយៈការប្រយុទ្ធ ហើយនិងបំផ្លាញប៉ុស្តិ៍សង្កេតការណ៍បញ្ជាការអ៊ុយក្រែនជាច្រើនកន្លែង និងឃ្លាំងគ្រាប់រំសេវ។
ជាមួយគ្នានេះ ក្រសួងបានឲ្យដឹងបន្ថែមថា ប្រព័ន្ធការពារដែនអាកាសរុស្ស៊ីបានស្ទាក់ចាប់មីស៊ីល ២គ្រាប់ដែលបាញ់ចេញពីប្រព័ន្ធមីស៊ីលយុទ្ធសាស្ត្ររបស់កងទ័ពអាមេរិក។
ចំណែកឯអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានរាយការណ៍ពីការប្រយុទ្ធចំនួន ៧៦គោលដៅ នៅសមរភូមិជួរមុខ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ។ បន្ថែមពីលើនោះ កងទ័ពអាកាសអ៊ុយក្រែន ហើយនិងអង្គភាពរ៉ូក្កែត និងកាំភ្លើងធំ បានវាយប្រហារប្រព័ន្ធការពារដែនអាកាសរុស្ស៊ីមួយ និងតំបន់ប្រមូលផ្តុំបុគ្គលិក ១៧កន្លែង៕