ចិន៖ ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅខេត្ត Henan ភាគកណ្តាលប្រទេសចិនកាលពីខែមុនបានកើនឡើងរហូតដល់ ៣០២នាក់ នេះបើយោងតាមការបញ្ជាក់ពីក្រុមមន្ត្រីក្នុងតំបន់។ មនុស្សប្រហែល ៥០នាក់នៅតែបាត់ខ្លួន បន្ទាប់ពីតំបន់នេះត្រូវបានជន់លិចដោយទឹកជំនន់ធ្ងន់ធ្ងរ ដែលបណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំង។

មនុស្សជិត ១៣លាននាក់បានរងផលប៉ះពាល់ ហើយផ្ទះជិត ៩ពាន់ខ្នងត្រូវខូចខាត។ ភាគច្រើននៃអ្នកស្លាប់ត្រូវបានគេរាយការណ៍នៅក្នុងទីក្រុង Zhengzhou ជាទីដែលទឹកជំនន់ជន់លិចប្រព័ន្ធផ្លូវក្រោមដីរបស់ទីក្រុង ហើយរថយន្តត្រូវបានហូរកួចតាមទឹក។ ទីក្រុងនេះបានរាយការណ៍ថា មានភ្លៀងធ្លាក់រយៈពេលបីថ្ងៃ។ កាលពីថ្ងៃចន្ទអភិបាលក្រុង Zhengzhou លោក Hou Hong បានបញ្ជាក់ពីចំនួនអ្នកស្លាប់នៅក្នុងសន្និសីទសារព័ត៌មានមួយ ដោយប្រាប់អ្នកយកព័ត៌មានថា មនុស្ស ៣៩នាក់ត្រូវបានគេរកឃើញស្លាប់នៅក្នុងចំណតរថយន្តក្រោមដី៕
អត្ថបទ៖ សុខមាន