ពោធិ៍សាត់ ៖ផ្លូវអន្ទង់អាំងឬផ្លូវបុប្ផាលាក់ខ្លួន ភ្នំ១៥០០ ស្ថិតនៅក្នុងចំណុចអូរ១៧ភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ជាដែនជម្រកសត្វព្រៃភ្នំសំកុស គឺជាសក្តានុពលទេសចរណ៍ធម្មជាតិ យ៉ាងសំខាន់ររបស់ខេត្តពោធិ៍សាត់ ដែលជាផ្ទាំងទស្សនីយភាពដ៏សែនមនោរម្យរបស់ភ្ញៀវទេសចរណ៍។
ក្រោយមានបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ឱ្យអភិរក្សតំបន់នេះ ព្រះសង្ឃ និងប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ បង្ហាញការគាំទ្រ និងសប្បាយរីករាយដែលរាជរដ្ឋាភិបាលសម្រេចអភិរក្សាតំបន់នេះ មិនឱ្យមានការអភិវឌ្ឍ ដើម្បីរក្សាទុកឱ្យកូនចៅជំនាន់ក្រោយបានស្គាល់។
ព្រះសង្ឃ និងពលរដ្ឋលើកឡើងថា ការថែរក្សា ការពារ អភិរក្ស និងការស្តារគម្របបៃតងឡើងវិញនៅផ្លូវអន្ទង់អាំង ឬបុប្ផាលាក់ខ្លួន គឺជាការបំពេញនូវបំណងប្រាថ្នារបស់ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ទាំងមូល ។
សូមជម្រាបថា ដោយសារលក្ខណៈសម្បត្តិដ៏សម្បូរបែបបង្កប់ខ្លួនក្នុងព្រៃ ជ្រលងដងអូរ នៃផ្លូវអន្ទង់អាំង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនអតីតនាយករដ្ឋមន្ត្រី ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានប្រសិទ្ធនាមថា «បុប្ផាលាក់ខ្លួន» ហើយការប្រសិទ្ធនាមនេះបានធ្វើឱ្យសាធារណៈជនមានការចាប់អារម្មណ៍ ពេញចិត្ត និងដក់ជាប់ក្នុងក្រអៅបេះដូងមនុស្សម្នាក់ៗជារៀងរហូតមក៕
អត្ថបទៈ ពៅ ភិរុណ





