
ក្រសួងសុខាភិបាលថៃ នៅថ្ងៃសុក្រ (ទី១០ ខែឧសភា) នេះ បាននិយាយថា សុរិយរោគ ឬអាការសន្លប់ដោយសារកម្ដៅ បានសម្លាប់មនុស្សចំនួន ៦១នាក់ហើយ នៅក្នុងប្រទេស រហូតមកដល់ពេលនេះ ក្នុងឆ្នាំនេះ ពោលគឺច្រើនជាងចំនួនទាំងអស់ ក្នុងឆ្នាំ២០២៣ បន្ទាប់ពីមានអាកាសធាតុក្តៅខ្លាំងស្ទើរទ្រាំមិនបានក្នុងរយៈជាច្រើនសប្តាហ៍ នៅទូទាំងតំបន់។
គួរបញ្ជាក់ថា រលកនៃអាកាសធាតុក្តៅខ្លាំងបំផុត បានកើតមាននៅប្រទេសថៃ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលជំរុញឲ្យអាជ្ញាធរចេញការព្រមានអំពីអាកាសធាតុក្តៅស្ទើរឆេះជារៀងរាល់ថ្ងៃ។ ហើយក្រសួងសុខាភិបាល នៅថ្ងៃសុក្រនេះ បាននិយាយថា មនុស្ស ៦១នាក់ បានស្លាប់ដោយសារសុរិយរោគ ចាប់តាំងពីដើមឆ្នាំ២០២៤ នេះ ធៀបនឹងចំនួន ៣៧នាក់ ក្នុងឆ្នាំ២០២៣។ ក្រសួងបាននិយាយថា ភាគឦសានរបស់ប្រទេស ដែលជាតំបន់កសិកម្មដ៏សំខាន់ បានឃើញមានអ្នកស្លាប់ច្រើនជាងគេ។
លោក Apichart Vachiraphan អនុប្រធាននាយកដ្ឋានគ្រប់គ្រងជំងឺរបស់ថៃ បានព្រមានអ្នកដែលមានស្ថានភាពសុខភាពពីកំណើតឲ្យកំណត់ពេលវេលានៅខាងក្រៅរបស់ពួកគេ។ ព្រះរាជាណាចក្រមួយនេះ នៅឆ្នាំនេះ បានជួបប្រទះនឹងការពន្យារពេលក្នុងរដូវមូសុង ដោយអាកាសធាតុក្តៅខ្លាំងសឹងទ្រាំមិនបានមានរយៈពេលយូរជាងធម្មតា។
កាលពីខែមេសា ប្រទេសនេះបានកត់ត្រាសីតុណ្ហភាព ៤៤,២អង្សារសេ ក្នុងខេត្តឡាំប៉ាងភាគខាងជើង ដោយខុសគ្នាតែបន្តិចពីកំណត់ត្រាជាតិ ដែលមានកម្រិត ៤៤,៦អង្សាសេ កាលពីឆ្នាំមុន៕